ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល ថា អ្នកប្រកបរបរវិជ្ជាជីវៈសុខាភិបាល ឬអ្នកចង់ប្រកបរបរវិជ្ជាជីវៈឱសថការី ត្រូវតែចុះបញ្ជី ការនៅគណៈឱសថការីរបស់ខ្លួន និងមានគុណវុឌ្ឍគ្រប់គ្រាន់ ទើបអាចប្រកបវិជ្ជាជីវៈជាឱសថការីនេះបាន។
ឯកឧត្តមវេជ្ជៈបណ្ឌិត ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការក្រសួងសុខាភិបាល តំណាងខ្ពង់ខ្ពស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកឡើងនៅក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសឱសថការីតំណាងអង្គភាពថ្នាក់កណ្តាល នៅថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៤ នេះថា ពាក់ព័ន្ធវិស័យសុខាភិបាលនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានក្រើនរំលឹកជារឿយៗ អំពីសារៈសំខាន់ កាតព្វកិច្ច និងភារកិច្ចរបស់គណៈទាំងឡាយ ដើម្បីអនុវត្តនូវការប្រកបវិជ្ជាជីវៈសុខាភិបាលរៀងខ្លួនៗ ក្នុងការចូលរួមធ្វើយ៉ាងណា ដើម្បីសុខភាព សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឲ្យបានកាន់តែប្រសើរឡើង។
ឯកឧត្តមវេជ្ជៈបណ្ឌិត បន្តថា ពាក់ព័ន្ធច្បាប់អ្នកប្រកបវិជ្ជាជីវៈនេះ ក្រសួងសុខាភិបាលបានជម្រុញឲ្យគណៈវិជ្ជាជីវៈ ដែល ក្រោមឱវាទក្រសួង ដែលជាអ្នកអនុវត្ត ត្រូវគ្រប់គ្រងសមាជិក-សមាជិកការដែលបានចុះបញ្ជីការ ក្នុងនោះបើគ្មានការចុះបញ្ជីការ ក៏គ្មាន ការប្រកបរបរវិជ្ជាជីរៈនោះដែរ។ ការចុះបញ្ជីការឱសថការីមានសារៈសំខាន់ខ្លាំងណាស់ ពោលគឺចង់ឲ្យអ្នកប្រកបអ្នកប្រកបរបរវិជ្ជាជីវៈ ឬអ្នកចង់ប្រកបរបរវិជ្ជាជីវៈឱសថការី ត្រូវតែចុះបញ្ជីការនៅគណៈឱសថការីនៅតាមរាជធានី-ខេត្ត ដើម្បីពិនិត្យអំពីលទ្ធភាព គុណវុឌ្ឍ របស់អ្នកប្រកបវិជ្ជាជីវៈ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈជាឱសថការីនេះ ។
ចំណែក ឯកឧត្តម បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាគណៈឱសថការីជាតិ ដែលជាប់ ជាឱសថការីតំណាងអង្គភាពថ្នាក់កណ្តាល ឈរលេខរៀងទី១ អណត្តិទី៣ បានថ្លែងនូវការប្តេជ្ញាចិត្តខ្ពស់ នឹងបន្តការងារចូលរួមជាមួយ ក្រុមប្រឹក្សាគណៈឱសថការីជាតិ ដែលនឹងបោះឆ្នោតឆាប់ៗនាពេលខាងមុខ នឹងបានសន្យាថា ចំពោះកិច្ចការងារ និងអ្វីៗដែលបាន ឃោសនារកសំឡេងគាំទ្រ រហូតទទួលបានជោគជ័យនៅពេលនេះ ឯកឧត្តមនឹងបន្តអនុវត្តតាមការងារឲ្យកាន់តែរីកចម្រើនថែមទៀត ជាពិសេសការពង្រឹងគុណភាពសេវាក្នុងវិស័យទាំងនោះ និងត្រូវចូលរួមនៃការពង្រឹងចុះបញ្ជិការ ការផ្តល់អាជ្ញាបណ្ណ ការគោរពនូវ បទដ្ឋានគតិយុត្តិ ដែលមានជាធរមាន ព្រមទាំងបង្កើតនូវអ្វីៗដែលថ្មីសម្រាប់ឱសថការី ដើម្បីអភិវឌ្ឍ និងការចូលរួមនៅក្នុងកម្មវិធី រាជរដ្ឋាភិបាល ក្នុងអណត្តិជាបន្តបន្ទាប់ និងគាំទ្រគ្រប់គោលនយោបាយរបស់ក្រសួងសុខាភិបាលដែលបានដាក់ជូន ដើម្បីគ្រប់គ្រង អ្នកប្រកបវិជ្ជាជីវៈ នៅ ក្នុងវិស័យឱសថសាស្រ្ត នឹងសាមគ្គីគ្នាដើម្បីអភិវឌ្ឍវិស័យនេះឲ្យកាន់តែរីកចម្រើនថែមទៀត។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបោះឆ្នោតជ្រើសរើសឱសថការីតំណាងអង្គភាពថ្នាក់កណ្តាលនេះ បានជ្រើសរើសតំណាង ៥រូប ដើម្បី ទៅចូលរួមចូលរួមបោះឆ្នោតថ្នាក់ជាតិបន្ត ក្នុងនោះមាន៖ លោក បាន បុត្តា ឈរលេខរៀងទី១, លោក យ៉ង់ ដារាវុធ លេខរៀងទី២, លោក លឹម រតនៈ លេខរៀងទី៣, លោក ហ៊ុន ហួង លេខរៀងទី៤ និងលោក ហោ ពន្លក ឈរលេខរៀងទី៥ ៕
អត្ថបទ៖ សុន រ៉ាឌី









