អាមេរិក ៖ ឧត្តមសេនីយ៍ជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន មិនបានបញ្ជូនអាវុធយោធា ដែលបានស្នើសុំទាំងអស់ទៅកាន់ប្រទេសអ៊ីស្រាអែលទេ ខណៈដែលការប្រយុទ្ធដ៏ឃោរឃៅនៅតំបន់ហ្កាហ្សា នៅតែបន្តជាជម្លោះដែលបាននាំឲ្យមានការថ្កោលទោសពីភាគីទាំងពីរទៅលើចំណាត់ការផ្នែកនយោបាយនេះ។
លោក Charles Q. Brown ប្រធានអគ្គសេនាធិការចម្រុះរបស់សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«ទោះបីជាយើងបានគាំទ្រពួកគេដោយសមត្ថភាពក៏ដោយ ក៏ពួកគេមិនបានទទួលអ្វីគ្រប់យ៉ាង ដែលពួកគេស្នើសុំនោះដែរ។
លោកបានបន្ថែមថា៖«រឿងមួយចំនួននោះ គឺដោយសារពួកគេ បានស្នើសុំរបស់ដែលយើងមិនមានសមត្ថភាព ក្នុងការផ្តល់ ឬមិនមានឆន្ទៈក្នុងការផ្តល់នោះ មិនមែនឥឡូវនេះទេ»។
លោក Brown មិនបាននិយាយលម្អិតអំពីគ្រឿងយុទ្ធោបករណ៍ប្រភេទណា ដែលអាមេរិកបានបដិសេធ អ៊ីស្រាអែល ហើយមន្ទីរបញ្ចកោណ មិនបានឆ្លើយនឹងសំណួររបស់សារព័ត៌ មាន Fox News Digital ដែលទាក់ទងនឹងអាវុធណាដែលត្រូវបានគេដកហូតនោះ។

