បាល់ទាត់៖ ក្លិបកាំភ្លើងធំ Arsenal បានសំរេចក្នុងការនាំយកខ្សែបម្រើយុវជនប៊ែលហ្ស៊ិក Albert Sambi Lokonga ពីក្លិប Anderlecht ក្នុងតម្លៃ ២២លានអឺរ៉ូ។ កីឡាករវ័យ ២១ឆ្នាំរូបនេះគឺចេញពីថ្នាលយុវជនរបស់ Anderlecht និងបានឡើងមកលេងក្រុមធំតាំងពីវ័យ ១៥ឆ្នាំនៅខែវិច្ឆិកា ឆ្នាំ២០១៧។

តាំងពីពេលនោះមក Lokonga បង្ហាញខ្លួនឱ្យ Anderlecht បាន ៧៨ប្រកួតរកបាន ៣គ្រាប់។ អ្នកចាត់ការ Arsenal លោក Mikel Arteta បានហៅ Lokonga ថាជាកីឡាករដែលមានវ័យឆ្លាតម្នាក់ ដែលធ្លាប់បានបង្វឹកដោយអតីតប្រធានក្រុម Manchester City, Vincent Kompany ហើយ Kompany ក៏បានជជែកជាមួយលោកជាច្រើនដែរ ពាក់ព័ន្ធនឹងទេពកោសល្យរបស់ Lokonga។ Albert Sambi Lokonga ដែលបានទទួលអាវលេខ ២៣ នៅ Arsenal នោះ ធ្លាប់បង្ហាញខ្លួនឱ្យក្រុមយុវជនអាយុក្រោម ២១ឆ្នាំប៊ែលហ្ស៊ិក ៧លើករកបាន ២គ្រាប់។
Lokonga បានក្លាយជាកីឡាករទីពីរដែលមកកាន់ Arsenal មុនរដូវកាលថ្មីខាងមុខបន្ទាប់ពី Nuno Tavarez ផ្ទេរពី Benfica តម្លៃ ៨លានផោន ហើយក្លិបនៅទីក្រុងឡុងដ៍មួយនេះក៏ឈានដល់កិច្ចព្រមព្រៀងផងដែរ ក្នុងការនាំយកខ្សែការពារកណ្តាលអង់គ្លេស Ben White ពី Brighton ក្នុងតំលៃ ៥០លានផោន៕
អត្ថបទ៖នាង សុភាវុធ