
ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្តាតភ្លើងដ៏ធំមួយដែលបានឆាបឆេះឃ្លាំងស្តុកគ្រាប់រំសេវយោធា កាលពីល្ងាចថ្ងៃសៅរ៍ នៅក្រៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។
អគ្គិភ័យនេះដែរ បណ្តាលឲ្យមានការផ្ទុះគ្រាប់ និងផ្សែងខ្មៅដ៏ក្រាស់ផុសឡើងលើអាកាសទាំងយប់ ។
លោក Mohammad Hasan គឺជាមន្រ្តីយោធាមួយរូប និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា គ្មានសេចក្តីរាយការណ៍ពីការស្លាប់ ឬរងរបួសនោះឡើយ ហើយអគ្គិភ័យ បានឆាបឆេះនៅឃ្លាំងស្តុកគ្រាប់រំសេវហួសកំណត់ ។
មន្រ្តីយោធាមួយរូបទៀត និយាយថា ក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ បានប្រើពេលអស់ជាច្រើនម៉ោង ដើម្បីព្យាយាមពន្លត់អណ្តាតភ្លើង ។
ដោយឡែក សារព័ត៌មានក្នុងស្រុករាយការណ៍ថា ដំបូងឡើយក្រុមអាជ្ញាធរពុំអាចចូលទៅដល់កន្លែងកើតហេតុបាននោះទេ ហើយពួកគេបានស្នើសុំឲ្យប្រជាពលរដ្ឋរស់នៅក្បែរឃ្លាំងស្តុកគ្រាប់រំសេវ ជម្លៀសខ្លួនចេញ ៕