
កងទ័ពជើងទឹកឥណ្ឌា និយាយថា ពួកគេរំដោះបានក្រុមនាវិក ២៣នាក់ នៅលើទូកនេសាទអ៊ីរ៉ង់ ដែលត្រូវបានរឹបអូសយកទៅដោយក្រុមចោរសមុទ្រប្រដាប់អាវុធនៅជិតតំបន់ឆ្នេរប្រទេសសូម៉ាលី ។
រូបភាពវីដេអូឃ្លីបចេញដោយកងទ័ពជើងទឹកឥណ្ឌាកាលពីថ្ងៃសៅរ៍ ឃើញទូកនេសាទមួយគ្រឿង ឡោមព័ទ្ធដោយទូកតូចៗជាច្រើនគ្រឿងនៅក្នុងសមុទ្រ ។
កងទ័ពជើងទឹកឥណ្ឌា បានចេញរូបថតសន្លឹក ឃើញក្រុមចោរសមុទ្រ ក្រោយត្រូវបានឃាត់ខ្លួននៅលើទូក ។
ទូកនេសាទ Al-Kambar 786 ស្ថិតនៅតំបន់ភាគនិរតីកោះ Socotra របស់ប្រទេសយេម៉ែន ក្នុងសមុទ្រអារ៉ាប់ កាលពីថ្ងៃទី ២៨ ខែមីនា ពេលដែលពួកគេរាយការណ៍ថា មានចោរសមុទ្រ ៩នាក់ បានឡើងលើទូករបស់ពួកគេ ។
ទូកមួយគ្រឿងនេះ ត្រូវបានស្កាត់ជាប់ដោយនាវា INS Sumedha និងនាវា INS Trishul របស់កងទ័ពជើងទឹកឥណ្ឌា ហើយពួកគេប្រើពេលជាង ១២ម៉ោង ទម្រាំបង្ខំឲ្យក្រុមចោរសមុទ្រចុះចាញ់ ។
ដោយឡែក ក្រុមចោរសមុទ្រ ៩នាកក់ ត្រូវបាននាំខ្លួនទៅកាន់ប្រទេសឥណ្ឌា ក្រោមច្បាប់ក្នុងប្រទេសប្រឆាំងនឹងចោរកម្មតាមសមុទ្រ ៕