កំពង់ធំ៖ យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជំហ៊ាន៣ បានចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋនៅតំបន់ ប្រឈមក្នុងខេត្តកំពង់ធំ ចំនួន៤ក្រុងស្រុក បានប្រមាណជាង១០ម៉ឺននាក់ ក្នុងរយៈពេលប្រាំបីថ្ងៃ។
ឯកឧត្តមវេជ្ជបណ្ឌិត ស្រី ស៊ីន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ប្រាប់ទូរទស្សន៍ BTV នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងជំហ៊ាន៣ ទ្រង់ទ្រាយធំ សម្រាប់ខេត្តកំពង់ធំ បាននិងកំពុងចាក់ជូនប្រជាពលរដ្ឋចំនួន៤ក្រុង ស្រុក ដែលជាតំបន់មានហានិភ័យនៃ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ លើស្រុកបារាយណ៍ ស្រុកតាំងគោក ស្រុកសន្ទុក និងក្រុងស្ទឹងសែន ដែលមានប្រជាពលរដ្ឋគ្រប់អាយុចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុបប្រមាណ ២២៧,១២០នាក់ និងបានចាប់ផ្តើមចាក់ចាប់តាំងពី ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ មានប្រជាពលរដ្ឋមកចាក់វ៉ាក់សរុបចំនួន១០៤,៣០០នាក់ ស្រីចំនួន ៥៣,៩៨០នាក់ស្មើរ៤៦% នៃប្រជាពលរដ្ឋ គ្រប់អាយុ។
ក្នុងនោះមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុបមានចំនួន៣៧មណ្ឌល ៖ នៅ ស្រុកបាយណ៍ចំនួន១៤ ,ស្រុកតាំងគោកចំនួន ៨, ស្រុកសន្ទុកចំនួន ៩ និងក្រុងស្ទឹងសែន ចំនួន ៦មណ្ឌល។ ចំនួននេះ គឺតួលេខល្អប្រសើរ និងជំហានមួយជោគជ័យ ដែលអនុវត្តន៍យ៉ាងម៉ត់ចត់ដោយក្រុមគ្រូពេទ្យ អាជ្ញាធរមូលដ្ឋាន និងមានការចូលរួមពីប្រជាពលរដ្ឋចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត។ ចំពោះប្រជាពលរដ្ឋនៅ ស្រុកចំនួនប្រាំស្រុកទៀត គឺអាជ្ញាធរខេត្តកំពង់ធំ កំពុងរៀបចំបច្ចុប្បន្នភាពប្រជាពលរដ្ឋ គ្រប់អាយុចាក់វ៉ាក់សាំង ដើម្បីស្នើរសុំវ៉ាក់សាំងបន្ថែមទៀត។
ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឲ្យបានតាមផែនការរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើតភាពស៊ាំ ទប់ស្កាត់ការឆ្លងរីករាលដាលទៅកាន់ សហគមន៍! ក្នុងករណីប្រជាពលរដ្ឋដែលមានវិជ្ជមានជំងឺកូវីដ១៩ ត្រូវបានព្យាបាលជាសះស្បើយហើយនោះ! បងប្អូនប្រជាពលរដ្ឋមិនចាំបាច់មកចាក់វ៉ាក់សាំងទៀតនោះទេ ព្រោះសារពាង្គកាយរបស់អ្នកមានភាពស៊ាំ (អង្គទីគ័រ) រួមហើយ។
ឯកឧត្តម អំពាវនាវដល់ប្រជាពលរទាំងអស់លើក្រុងស្រុកទាំងបួន ដែលមិនទាន់មកចាក់វ៉ាក់សាំង ដូសទី១ ត្រូវប្រញាប់រស់រាន់មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយស្ម័គ្រចិត្ត នៅតាមបណ្ឌលចាក់ វ៉ាក់សាំងទាំង៣៧ តាមក្រុងស្រុកត្រឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

