
ភ្នំពេញ៖ សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឱ្យរៀបចំឯកសាដាក់ពាក្យ «សង្ក្រាន្តកម្ពុជា» ក្នុងបញ្ជីបេតិកភណ្ឌអរូបិយនៅយូណេស្កូ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានណែនាំបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ។
ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា ការព្រួយបារម្ភរឿង «សង្ក្រាន្ត» របស់ប្រជាពលរដ្ឋ គឺជារឿងមួយត្រឹមត្រូវ មិនខុសនោះទេ។ សម្ដេចបញ្ជាក់បន្ថែមថា កិច្ចការពារសម្បត្តិវប្បធម៌នេះ គឺជារឿងធំណាស់សម្រាប់រាជរដ្ឋាភិបាលរាប់អាណត្តិមកហើយដែលបានយកចិត្តទុកដាក់ខ្ពស់បំផុត ហើយកម្ពុជាមិនឱ្យបាត់ពិធីសង្ក្រាន្តចូលឆ្នាំរបស់ខ្មែរនោះទេ។ ខណៈដែលបច្ចុប្បន្ន រាជរដ្ឋាភិបាល បានត្រៀមចុះបេតិកភណ្ឌរូបិយរបស់កម្ពុជាចំនួន៧ទៀត ក្នុងនោះបានបន្ថែម សង្ក្រាន្តរបស់កម្ពុជាមួយទៀតផងដែរ។
ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កម្ពុជានៅតែមានសិទ្ធិប្រើប្រាស់ពាក្យ «សង្ក្រាន្ត» ទោះបីថៃចុះបញ្ជីពាក្យនេះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់យូណេស្កូហើយក៏ដោយ៕ អត្ថបទ៖ ដារ៉ា








