
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីសម្ពោធឆ្លងព្រះបទុមចេតិយ និងសមិទ្ធផលនានានៅវត្តមណីរតនារាម ស្ថិតក្នុងសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិតបី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់អភិបាល រាជធានី-ខេត្ត ត្រូវប្រារព្ធពិធីសង្ក្រាន្តឆ្នាំនេះឱ្យបានអធិកអធមនៅតាមមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំដល់អភិបាលរាជធានីខេត្ត ត្រូវរៀបចំសន្ដិសុខ សណ្ដាប់ធ្នាប់ឱ្យបានល្អក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ ហើយអភិបាលរាជធានី ខេត្តត្រូវចូលរួមប្រារព្ធពិធីចូលឆ្នាំថ្មីឱ្យបានអធិកអធម។
សម្តេចធិបតីចង់ឱ្យរាជធានី ខេត្ត ប្រកួតប្រជែងគ្នារៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី។ ជាពិសេសបើអភិបាលខេត្តឡើងច្រៀងថែមទៀតរឹតតែប្រសើរ និងរីករាយ។ ហើយសម្តេចធិបតី នាយករដ្ឋមន្រ្ដីនឹងលើកទឹកចិត្តឱ្យរួមគ្នារៀបចំលេងល្បែងប្រជាប្រិយខ្មែរឱ្យបានច្រើនក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឆ្នាំនេះ នឹងប្រារព្វចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤នេះ។ ក្នុងឱកាសនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានណែនាំដល់រដ្ឋបាលរាជធា និងរដ្ឋបាលខេត្តនានា រៀបចំកម្មវិធីសង្ក្រាន្តនៅតាមមូលដ្ឋានរបស់ខ្លួន ហើយតាមមូលដ្ឋាននានា ត្រូវតុបតែងលម្អវប្បធម៌ប្រពៃណីខ្មែរ ដើម្បីញ៉ាំងឲ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានភាពអធិកអធម សប្បាយរីករាយ រក្សាបាននូវប្រពៃណីទំនៀមទម្លាប់ និងមានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ និងទាក់ទាញទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្ត៕
អត្ថបទ៖ វ៉ន ដារ៉ា



