
ក្រុមមន្ត្រីរដ្ឋ ម៉ារីលែន (Maryland) និងសហរដ្ឋអាមេរិកបាននិយាយថា ក្រុមអ្នករុករកសំណល់បំណែក បានធ្វើការដើម្បីស្រង់យកបំណែកដំបូងនៃស្ពាន ហ្វ្រង់ស៊ីស ស្កុត ឃី (Francis Scott Key) ដែលបានបាក់រលំក្នុងក្រុង បាល់ទីម័រ (Baltimore) សហរដ្ឋអាមេរិក ចេញពីទឹកកាលពីថ្ងៃសៅរ៍ (៣០ មីនា) ដើម្បីអនុញ្ញាតឱ្យកប៉ាល់ និងទូកសណ្ដោង ចូលទៅកាន់ទីតាំងគ្រោះមហន្តរាយនេះ ដែលជាជំហានដំបូងក្នុងកិច្ចខិតខំប្រឹងប្រែងដ៏ស្មុគស្មាញមួយដើម្បីបើកកំពង់ផែដែលត្រូវបានបិទក្នុងទីក្រុងឡើងវិញ។
ស្ពានទ្រុងដែកនេះបានបាក់កាលពីព្រឹកថ្ងៃអង្គារ ដោយបានសម្លាប់កម្មករផ្លូវថ្នល់ចំនួនប្រាំមួយនាក់ នៅពេលដែលកប៉ាល់ដឹកទូកុងតឺន័រដ៏ធំមួយបានបាត់បង់ថាមពល និងបានបុកបង្គោលជំនួយដែលទ្រទ្រង់ស្ពាន។ វិសាលភាពភាគច្រើននៃស្ពានបានធ្លាក់ចូលទៅក្នុងទន្លេ ផាថាបស្កូ (Patapsco) ដោយរារាំងច្រកនៃផ្លូវដឹកជញ្ជូនរបស់ក្រុង បាល់ទីម័រ។
អភិបាលរដ្ឋ ម៉ារីលែន លោក វ៉េស ម័រ (Wes Moore) បានប្រាប់សន្និសីទសារព័ត៌មានថា ផ្នែកមួយនៃរចនាសម្ព័ន្ធដែករបស់ស្ពាននៅភាគខាងជើងនៃទីតាំងបុក នឹងត្រូវកាត់ជាបំណែកដែលអាចលើកបានដោយស្ទូចដាក់លើកប៉ាល់ ហើយនាំយកទៅកាន់ផែ ត្រេដភ័ញ អាត់លែនទីក (Tradepoint Atlantic) ក្បែរនោះនៅឯតំបន់ឧស្សាហកម្ម ស្ពារ៉ូ ភ័ញ (Sparrows Point)។
ក្រុមកម្មករនឹងមិនទាន់ព្យាយាមរុះរើផ្នែករលំនៃរចនាសម្ព័ន្ធស្ពានដែលកំពុងស្ថិតលើក្បាលកប៉ាល់ ដាលី (Dali) ដែលជាកប៉ាល់ដឹកទូកុងតឺន័រដោតទង់ជាតិសិង្ហបុរីប្រវែង ៩៨៤ ហ្វីត ដែលបានបុកស្ពាននោះទេ។ លោកអភិបាល ម័រ បានបន្ថែមថា គេមិនច្បាស់ទេថា តើនៅពេលណាដែលកប៉ាល់នោះអាចផ្លាស់ទីបាន ប៉ុន្តែបាននិយាយថា សំបករបស់កប៉ាល់គឺមានសភាពដដែល ទោះជាខូចខាតបន្តិចបន្តួចក៏ដោយ៕