
ក្រសួងការពារជាតិកាណាដា បាននិយាយកាលពីថ្ងៃសៅរ៍ (៣០ មីនា) ថា ប្រទេសកាណាដា បានបញ្ជូនទាហានប្រហែល ៧០ នាក់ទៅកាន់ប្រទេសហ្សាម៉ាអ៊ីក ដើម្បីហ្វឹកហាត់ទាហានមកពីបណ្ដាប្រទេសសមុទ្រការ៉ាអ៊ីប ដែលនឹងចូលរួមក្នុងបេសកកម្មដែលមានការអនុញ្ញាតពីអង្គការសហប្រជាជាតិ ទៅកាន់ប្រទេសហៃទី។
ប្រទេសកេនយ៉ា ធ្លាប់បានប្រកាសកាលពីឆ្នាំមុនថា ខ្លួននឹងដឹកនាំកម្លាំងដែលត្រូវបានបង្កើតឡើងដើម្បីជួយនគរបាលជាតិហៃទី ប្រយុទ្ធប្រឆាំងនឹងក្រុមជនអន្ធពាលដ៏មានអំណាចនៅក្នុងប្រទេសនេះ ជាទីដែលកំណើនអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ បានជំរុញឱ្យមានគ្រោះមហន្តរាយមនុស្សធម៌។ គំនិតផ្តួចផ្តើមនេះត្រូវបានចងភ្ជាប់នៅក្នុងបញ្ហាប្រឈមរបស់តុលាការកេនយ៉ាចាប់តាំងពីពេលនោះមក ដោយធ្វើឱ្យបេសកកម្មនេះត្រូវបានផ្អាក។
ក្រសួងការពារជាតិកាណាដា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពកាណាដាមកពីខេត្ត កេប៊ិក (Quebec) ដែលភាគច្រើននិយាយភាសាបារាំង នឹងផ្តល់ការបណ្តុះបណ្តាលស្តីពីជំនាញរក្សាសន្តិភាពស្នូល និងជំនួយដំបូងសម្រាប់ប្រយុទ្ធ។ សូមបញ្ជាក់ផងដែរថា ភាសាបារាំង គឺជាភាសាផ្លូវការមួយក្នុងចំណោមភាសាផ្លូវការចំនួនពីររបស់ប្រទេសហៃទី។
កងទ័ពកាណាដាគ្រោងនឹងស្នាក់នៅក្នុងប្រទេសហ្សាម៉ាអ៊ីក ក្នុងរយៈពេលដំបូងមួយខែ ហើយនឹងហ្វឹកហាត់ទាហានប្រហែល ៣៣០ នាក់មកពីប្រទេសហ្សាម៉ាអ៊ីក បេលី និងបាហាម៉ា៕