
តំបន់ ណៃអាហ្ការ៉ា (Niagara) របស់ប្រទេសកាណាដា បានប្រកាសដាក់ខ្លួនក្នុងភាពអាសន្នយ៉ាងសកម្ម មុនពេលបាតុភូតសូរ្យគ្រាសដ៏កម្រមួយនៅថ្ងៃទី០៨ ខែមេសា ខាងមុខនេះ ដែលត្រូវបានគេរំពឹងថានឹងប្រមូលផ្តុំហ្វូងមនុស្សយ៉ាងច្រើនកុះករទៅកាន់តំបន់នានាទាំងក្នុង និងជុំវិញទឹកធ្លាក់ដ៏ពេញនិយមក្នុងតំបន់នេះ។
សេចក្តីប្រកាសព័ត៌មានប្រចាំតំបន់ ណៃអាហ្ការ៉ា បាននិយាយថា «ការប្រកាសភាពអាសន្ននេះ គឺដើម្បីពង្រឹងភ្នាក់ងារដែលតំបន់មាននៅក្នុងការចាត់ចែងរបស់ខ្លួន ដើម្បីការពារសុខភាព និងសុវត្ថិភាពរបស់អ្នកស្រុក និងអ្នកទេសចរ និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុងសេណារីយ៉ូណាណាមួយដែលអាចកើតឡើង»។
ទឹកជ្រោះដ៏អស្ចារ្យ ណៃអាហ្ការ៉ា ហ្វលស៍ (Niagara Falls) ដែលស្ថិតនៅតាមបណ្តោយព្រំដែនកាណាដា-សហរដ្ឋអាមេរិក ស្ថិតក្នុងផ្លូវនៃសូរ្យគ្រាស ហើយមនុស្សជាច្រើនកំពុងធ្វើដំណើរទៅកាន់សណ្ឋាគារ និងសម្រុកជួលកន្លែងស្នាក់នៅទុកជាមុន ដើម្បីទស្សនាបាតុភូតនេះនៅទីតាំងអច្ឆរិយៈធម្មជាតិមួយរបស់អាមេរិកខាងជើង។
អភិបាលក្រុង អនថារីអូ (Ontario) នៃតំបន់ទឹកធ្លាក់ ណៃអាហ្ការ៉ា ហ្វលស៍ លោក ជីម ឌីអូដាទី (Jim Diodati) បានព្យាករថា «រហូតមកដល់ពេលនេះ ហ្វូងមនុស្សដ៏ធំបំផុតមិនធ្លាប់មាន» នៅខាងកាណាដា កំពុងសម្រុកទៅកាន់តំបន់នេះសម្រាប់ទស្សនីយ៍ភាពសូរ្យគ្រាសដ៏កម្រ។ លោក ឌីអូដាទី បានប៉ាន់ប្រមាណថា មនុស្សរហូតដល់មួយលាននាក់នឹងនៅទីនោះ បើធៀបនឹងចំនួន ១៤ លាននាក់ដែលជាធម្មតាទៅលេងក្នុងអំឡុងពេលពេញមួយឆ្នាំ៕