តបតាមការផ្តល់ការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបើកឱ្យដំណើរការប្រើប្រាស់បណ្តោះអាសន្ន ស្ពានអាកាស «មរតកតេជោ» ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤នេះតទៅ ដើម្បីសម្រួលដល់លំហូរចរាចរណ៍ និងជួយរំដោះលើបញ្ហាកកស្ទះ មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់ ។
ការដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ននេះ គឺ ស្ពានអាកាសជាន់ទី២ ដែលជាដំណាក់កាលទី១ ទើបត្រូវបានបញ្ចប់ការសាងសង់ ។ ស្ពានជាន់ទី២នេះ មានតម្រាយផ្លូវតភ្ជាប់ពីមហាវិថីសម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងខណ្ឌមានជ័យ ភ្ជាប់ទៅកាន់មហាវិថី ព្រះមុន្នីវង្ស ស្ថិតក្នុងខណ្ឌចំការមន។
ប្រជាពលរដ្ឋអ្នកដំណើរបានបង្ហាញភាពរីករាយពេលបានប្រើប្រាស់សម្មទ្ធិផលថ្មីខាងលើនេះ ដោយស្ពាននេះបានជួយសម្រួលដល់ការធ្វើដំណើរទៅមករបស់ពួកគាត់បានលឿនរហ័សមិនចំណាយពេល និងអាចបញ្ច្រៀសបានពីការកកស្ទះ ដែលតែងបានរំខាន និងប៉ះពាល់ដល់ពេលវេលាធ្វើដំណើររបស់ពលរដ្ឋ ។
ប្រជាអ្នកដំណើរ បានថ្លែងអំណរគុណរាជរដ្ឋាភិបាល ចំពោះការបន្តគិតគូរយកចិត្តទុកដាក់ក្នុងការកសាងសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ជូនប្រជាពលរដ្ឋប្រើប្រាស់ ពិសេសស្ពានអាកាសមរតកតេជោ ដែលបានដាក់ឱ្យពលរដ្ឋគ្រប់រូបអាចប្រើប្រាស់ មុនពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
សូមបញ្ជាក់ថា ស្ពានអាកាស “មរតកតេជោ” ខាងលើនេះ មានកម្ពស់ពីរជាន់ ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថី សម្តេចតេជោ ហ៊ុន សែន, មហាវិថីព្រះមុនីវង្ស និង មហាវិថីកងយោធពលខេមរភូមិន្ទ។ បច្ចុប្បន្នដំណាក់កាលទី១បានបញ្ចប់ហើយ នឹងកំពុងដាក់ឱ្យដំណើរការប្រើប្រាស់បណ្តោះអាសន្នក្នុងថ្ងៃនេះតែម្តង ខណះការសាងសង់ដំណាក់កាលទី២ គឺនឹងត្រូវបញ្ចប់នៅមុនខែមេសា ឆ្នាំ២០២៥ខាងមុខឯណោះ ។
គួររំលឹកថា ស្ពានអាកាស “មរតកតេជោ” គឺបានដំណើរការបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ស្ពាននេះទទួលការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា ( OCIC ) ដោយគ្រោងចំណាយថវិការសាងសង់ជាង ៣៦លានដុល្លារអាមេរិក៕ អត្ថបទ៖ លីហេង







