
ភ្នំពេញ៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចេញនៅថ្ងៃទី២០ ខែកក្កដា បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានចរចាបើកច្រកទីផ្សារក្រៅប្រទេសដោយមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះឡើយ។
ប្រភពដដែលបន្តថា ជាទូទៅការអនុវត្តយន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ។
ក្នុងករណីប្រទេសណាមួយដាក់វិធានការរឹតត្បិតលើការនាំចូលណាមួយប្រទេសនោះត្រូវកំណត់ នៅក្នុងលិខិតបទដ្ឋាន ច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះ ដោយមានតម្លាភាព និងកំណត់នីតិវិធីច្បាស់ លាស់។
ប្រភពដដែលបន្ថែមថា ចំពោះការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និងអនុក្រឹត្យ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញ ជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាត ការនាំចូលជ្រូក ពីអង្គភាពជំនាញ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះ មិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មទ្បើយ។
ប្រភពដដែលបញ្ជាក់បន្ថែមថា ក្រសួងពាណិជ្ជកម្ម មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និង វិធា នការ ណាមួយសម្រាប់ គ្រប់ គ្រងតម្លៃទំនិញ (price control) នាំចូល ឬទំនិញដែលធ្វើចរាចរណ៍ ក្នុងទីផ្សារកម្ពុជានោះទ្បើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការ នៅលើទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។
លើកលែងតែក្នុង ករណី មាន របាយការណ៍ ស៊ើបអង្កេតដែលអាច បញ្ជាក់បានថា មានមុខទំនិញ នាំចូល ជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូចថ្លៃ(លក់ទាបជាងថ្លៃដើមផលិតកម្ម) ឬមានការឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញនាំចូលនោះ ត្រូវបាននាំចូលដោយមានការកើនទ្បើង ដោយគំហុកនោះ ក្រសួងពាណិជ្ជកម្ម នឹងស៊ើបអង្កេត និងឈានទៅអនុវត្តវិធានការនានា រួមទាំងការកំហិតបរិមាណ និងដំឡើងពន្ធនាំចូលផងដែរ សំដៅការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។
ចំពោះការចេញផ្សាយនូវសេចក្តីជូនដំណឹង ស្តីពីថ្លៃលក់រាយ ប្រេងឥន្ធនៈ នៅតាម បណ្តាស្ថានីយនានា ដែលក្រសួងពាណិជ្ជកម្ម បាននឹងអនុវត្តកន្លងមក មិនមែនជាការកំណត់ថ្លៃលក់រាយ នៃប្រេង ឥន្ធនៈ នៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយ ដែលជួយផ្សព្វផ្សាយដោយតម្លាភាពនូវការឡើង ចុះថ្លៃនៃប្រេងឥន្ធនៈ ដែលមានការប្រែប្រួលរត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ធនៈនៅក្នុងទីផ្សារ អន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តានានាទាក់ទងនឹងថ្លៃ មកគណនាតាមរូបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជន ជ្រាបអំពី ថ្លៃប្រេងឥន្ធនៈតែប៉ុណ្ណោះ៕ដោយ៖ គង់ ឌិន

