គណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសទួរគី បានដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោតដ៏ធំនៅក្នុងទីក្រុងសំខាន់ៗគឺទីក្រុងអ៊ីស្តង់ប៊ុល និងរដ្ឋធានីអង់ការ៉ា។ លទ្ធផលនេះគឺជាការវាយប្រហារដ៏សំខាន់មួយសម្រាប់លោកប្រធានាធិបតី ថាយីប អឺដូហ្កាន់ (Tayyip Erdogan) ដែលសង្ឃឹមថានឹងអាចគ្រប់គ្រងទីក្រុងទាំងនោះឡើងវិញ តិចជាងមួយឆ្នាំបន្ទាប់ពីលោកទទួលបានអាណត្តិទីបីជាប្រធានាធិបតី។

បេក្ខជនបក្សប្រឆាំង លោក អេក្រែម អ៊ីម៉ាម៉ូកឡូ (Ekrem Imamoglu) ដែលបានឈ្នះលើកដំបូងនៅអ៊ីស្តង់ប៊ុល ក្នុងឆ្នាំ ២០១៩ បានទទួលជ័យជម្នះជាលើកទីពីរសម្រាប់ក្រុមប្រឆាំងច្បាប់ផ្លូវលោកនៃគណបក្ស CHP ។ យោងតាមចំនួន ៧៩,៧៧ ភាគរយនៃសន្លឹកឆ្នោតដែលបានរាប់នៅទីក្រុងអ៊ីស្តង់ប៊ុល ដែលជាទីក្រុងធំបំផុតរបស់អឺរ៉ុប មានប្រជាជនច្រើនជាង ១៦ លាននាក់ បង្ហាញថាលោ អ៊ីម៉ាម៉ូកឡូ មានការគាំទ្រ ៥០,៥៣ ភាគរយបើធៀបនឹងចំនួន ៤០,៧៣ ភាគរយសម្រាប់គូប្រជែងបក្ស AKP លោក មូរ៉ាត់ គូរ៉ុម (Murat Kurum) ដែលជាអតីតរដ្ឋមន្ត្រីក្នុងរដ្ឋាភិបាលជាតិរបស់លោក អឺដូហ្កាន់។

នេះក៏ជាលើកទីមួយដែរ ចាប់តាំងពីលោក អឺដូហ្កាន់ ឡើងកាន់អំណាចកាលពី ២១ ឆ្នាំមុនមក ដែលគណបក្សរបស់លោកត្រូវបានចាញ់នៅទូទាំងប្រទេសក្នុងការបោះឆ្នោតបែបនេះ។ នៅរដ្ឋធានីអង់ការ៉ា រហូតមកដល់ពេលនេះ អភិបាលក្រុងបក្សប្រឆាំងលោក ម៉ានសួរ យ៉ាវ៉ាស (Mansur Yavas) នាំមុខគូប្រជែងរបស់ខ្លួនក្នុងការគាំទ្រចំនួន ៥៩ ភាគរយ ដែលនាំឱ្យលោកប្រកាសថាខ្លួនបានទទួលជ័យជម្នះនៅពេលដែលសន្លឹកឆ្នោតតិចជាងពាក់កណ្តាលត្រូវបានរាប់។
គួរឱ្យកត់សម្គាល់នោះគឺគណបក្សប្រឆាំង CHP ក៏ស្ថិតក្នុងដំណើរឆ្ពោះទៅរកការឈ្នះនៅក្នុងទីក្រុងធំៗជាច្រើនទៀតរបស់ប្រទេសទួរគី រួមមានទីក្រុង អ៊ីស្មៀ (Izmir) ទីក្រុង បួរសា (Bursa) ទីក្រុង អង់ដាណា (Adana) និងទីក្រុងរមណីយដ្ឋាន អង់ថាល់យ៉ា (Antalya)៕