ប្រទេសសិង្ហបុរី កំពុងជួបប្រទះនឹងកំណើននៃការឆ្លងមេរោគគ្រុនឈាម ដោយករណីនៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះកើនឡើងទ្វេដងនៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។ ជំងឺគ្រុនឈាមជាង ៥.០០០ ករណីត្រូវបានរាយការណ៍ ដែលជាកំណើនពីចំនួន ២.៣៦០ ករណីនៅក្នុងត្រីមាសដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមទីភ្នាក់ងារបរិស្ថានជាតិ (NEA) ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអាទិត្យ (៣១ ខែមីនា)។

គិតត្រឹមថ្ងៃទី ២៥ ខែមីនា មនុស្ស ៧ នាក់បានស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងស្រុក។ ក្នុងចំណោមនោះ អ្នកស្លាប់ចំនួន ៦ នាក់ត្រូវបានកត់ត្រាទុកក្នុងឆ្នាំ ២០២៣។ តួលេខនេះត្រូវបានបង្ហាញកាលពីថ្ងៃអាទិត្យ (៣១ មីនា) ក្នុងការចាប់ផ្តើមនៃយុទ្ធនាការទប់ស្កាត់ជំងឺគ្រុនឈាមថ្នាក់ជាតិ ដែលបានមកមុនរដូវជំងឺគ្រុនឈាមជាទម្លាប់ដែលចាប់ពីខែឧសភា ដល់ខែតុលា។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយនៅលើគេហទំព័ររបស់ទីភ្នាក់ងារបរិស្ថានជាតិ NEA មានចង្កោមគ្រុនឈាមចំនួន ២៧ ករណីស្ថិតនៅក្រោមកម្រិតប្រកាសអាសន្ន «ក្រហម» គិតត្រឹមថ្ងៃទី ២៨ ខែមីនា ដោយសំដៅទៅលើតំបន់ដែលមានហានិភ័យខ្ពស់ដែលមាន ១០ ករណី ឬច្រើនជាងនេះ។
ទីភ្នាក់ងារ NEA បានធ្វើការត្រួតពិនិត្យជាង ៨១៣.០០០ ប្រតិបត្តិការក្នុងឆ្នាំ ២០២៣ ដោយបានរកឃើញកន្លែងបង្កកំណើតមូសជាង ១៩.៦០០ ទីតាំង។ ជាងពាក់កណ្តាលត្រូវបានគេរកឃើញនៅតាមលំនៅឋាន ហើយចំនួន ៣៨ ភាគរយនៅតំបន់សាធារណៈ និង ៥ ភាគរយនៅកន្លែងការដ្ឋាន៕