ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ រោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក បានបន្តការទូទាត់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិតបន្ថែមទៀត ខណៈគិតត្រឹមថ្ងៃទី៣០ ខែមីនាកន្លងទៅ នៅសល់កម្មករនិយោជិតចំនួន ១៩ នាក់ទៀតប៉ុណ្ណោះនៃចំនួនសរុប ២,២១៤ នាក់ដែលមិនទាន់បានទូទាត់ប្រាក់ឈ្នួលរួចរាល់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរម្លឹកដល់កម្មករនិយោជិតទាំងអស់ដែលមិនទាន់បានមកបើកប្រាក់ទាំងនេះ ត្រូវរួសរាន់មកបើកឲ្យបានគ្រប់ៗគ្នា ដោយយកឯកសារពាក់ព័ន្ធមកជាមួយ ដូចជាអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន និងប័ណ្ណសម្គាល់ខ្លួនជាដើម នៅរៀងរាល់ម៉ោងធ្វើការ នៅទីស្តីការក្រសួងការងារ។
សូមបញ្ជាក់ថា ការបើកប្រាក់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត នៃរោងចក្រស្បែកជើង អ.ជី ហ្វ៊ូតវែបានផ្អែកលើគោលការណ៍ច្បាប់កំណត់ចំនួន ៣ចំណុច ដូចជា៖ប្រាក់ឈ្នួលនៃប្រាក់ខែចុងក្រោយ , ប្រាក់ជួសការឈប់សម្រាប់ប្រចាំឆ្នាំដែលនៅសល់ និងប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។
គួររម្លឹកទៀតថា កាលពីល្ងាចថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ រោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ជួបឧបទ្ទវហេតុអគ្គិភ័យភ័យឆេះរោងចក្រអស់ទាំងស្រុង ដែលមានទីតាំងស្ថិតនៅភូមិអណ្តូង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល៕ អត្ថបទ៖ ឈិត បូរ៉ាវី


