ប្រទេសចិនបានប្រឆាំងយ៉ាងដាច់ខាត ចំពោះច្បាប់ដែលបានកែប្រែចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលធ្វើឱ្យប្រទេសចិនជួបផលពិបាកកាន់តែខ្លាំងក្នុងការទទួលបានបន្ទះឈីប និងឧបករណ៍សម្រាប់ផលិតបន្ទះឈីបបញ្ញាសិប្បនិម្មិត ឬ (AI) របស់សហរដ្ឋអាមេរិក ដោយបញ្ជាក់ថា អាមេរិក នឹងរំខានដល់ទីផ្សារ បន្ទះឈីបពាក់កណ្ដាលចម្លងអន្តរជាតិ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងចំណោមសហគ្រាសនានា។
ការអត្ថាធិប្បាយ ដែលធ្វើឡើងដោយក្រសួងពាណិជ្ជកម្មរបស់ប្រទេសចិន (MOFCOM) កាលពីល្ងាចថ្ងៃអាទិត្យបានកត់សម្គាល់ថា ការពិនិត្យឡើងវិញចុងក្រោយបំផុតនៃការត្រួតពិនិត្យការនាំចេញ បន្ទះឈីបពាក់កណ្ដាលចម្លង បានកើតមានឡើងតិចជាង៥ខែ ចាប់តាំងពីសហរដ្ឋអាមេរិក បានដាក់ចេញច្បាប់នេះ។

ក្រុមអ្នកជំនាញចិន ក៏បានថ្កោលទោសទង្វើនេះថាជាការប៉ុនប៉ងមួយទៀតរបស់អាមេរិកក្នុងការបង្រ្កាបចិនក្នុងវិស័យបច្ចេកវិទ្យាដ៏រីកចម្រើនដោយឥតឈប់ឈរ ដោយបានលះបង់ផលប្រយោជន៍ក្រុមហ៊ុននានារបស់សហរដ្ឋអាមេរិក។
ច្បាប់ថ្មី កម្រាស់១៦៦ ទំព័រ នឹងចូលជាធរមាននៅថ្ងៃទី ៤ ខែមេសាឆ្នាំ២០២៤នេះ ហើយច្បាប់ទាំងនោះ បានបន្ថែមការរឹតបន្តឹងចំពោះកុំព្យូទ័រយួរដៃ ឬ laptops ដែលមានបន្ទះឈីប AI ទាំងនោះ។

សហរដ្ឋអាមេរិកបានរឹតបន្តឹងការនាំចេញបន្ថែមទៀតលើបន្ទះឈីបដែលទាក់ទងនឹង AI និងឧបករណ៍ពាក់កណ្ដាលចម្លង ទៅកាន់ប្រទេសចិនកាលពីខែតុលា ឆ្នាំ ២០២៣ ដោយព្យាយាមបញ្ឈប់ការដឹកជញ្ជូនបន្ទះឈីបបញ្ញាសិប្បនិម្មិត AI កម្រិតខ្ពស់បន្ថែមទៀត ដែលផលិតឡើងដោយ ក្រុមហ៊ុន អេន វីឌីយ៉ា (Nvidia) និងក្រុមហ៊ុនផ្សេងទៀត។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនថា សហរដ្ឋអាមេរិកក៏កំពុងរៀបចំបញ្ជីរោងចក្រផលិតបន្ទះឈីបទំនើបរបស់ចិនផងដែរ ដែលត្រូវបានរារាំងមិនឱ្យទទួលបានឧបករណ៍សំខាន់ៗពីសហរដ្ឋអាមេរិក។
ជាការឆ្លើយតប អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លីន ជៀន (Lin Jian) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានជំរុញឱ្យសហរដ្ឋអាមេរិក កែតម្រូវកំហុសរបស់ខ្លួនជាបន្ទាន់ និងបញ្ឈប់ការដាក់ទណ្ឌកម្មឯកតោភាគីខុសច្បាប់ និងយុត្តាធិការអាវុធវែងប្រឆាំងក្រុមហ៊ុនរបស់ប្រទេសចិន ៕