ធនាគារអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ (៣១ មីនា) បានព្រមានពីការខូចខាតផ្នែកសេដ្ឋកិច្ចរបស់ប្រទេស ប្រសិនបើបុរសជនជាតិជ្វីហ្វជ្រុលនិយមកាន់តែច្រើនមិនចូលរួមក្នុងយោធា ដោយដាក់បន្ទុកកាន់តែធ្ងន់លើបញ្ហាដ៏ចម្រូងចម្រាស ដែលបានបង្កឱ្យមានការបែកបាក់នៅក្នុងរដ្ឋាភិបាលសម័យសង្រ្គាមរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu)។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ខ្លួន ធនាគារកណ្តាលបាននិយាយថា សង្រ្គាមរបស់អ៊ីស្រាអែល ប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីន ហាម៉ាស នៅតំបន់ហ្កាហ្សា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា បានបង្ហាញពីតម្រូវការបុគ្គលិកយោធា ហើយបានបន្ថែមបន្ទុកដល់សេដ្ឋកិច្ចដោយសារតែចំនួនថ្ងៃនៃការបម្រើយោធាកើនឡើងយ៉ាងខ្លាំង ដែលនឹងត្រូវបានទាមទារសម្រាប់ទាំងទាហានកាតព្វកិច្ច និងទាហានបម្រុង ហើយនេះបានធ្វើឱ្យប៉ះពាល់ដល់ទិន្នផលសេដ្ឋកិច្ចផ្ទាល់របស់ទាហាន។

រដ្ឋាភិបាលរបស់លោក ណេតាន់យ៉ាហ៊ូ បាននិយាយកាលពីខែកុម្ភៈថា ខ្លួននឹងស្វែងរកមធ្យោបាយដើម្បីបញ្ចប់ការលើកលែងបម្រើយោធាសម្រាប់ជនជាតិជ្វីហ្វជ្រុលនិយម ដែលមានតាំងពីការបង្កើតអ៊ីស្រាអែលក្នុងឆ្នាំ ១៩៤៨ មក ដើម្បីចែករំលែកបន្ទុកក្នុងសម័យសង្គ្រាមនៅទូទាំងសង្គមឱ្យកាន់តែយុត្តិធម៌។
ប៉ុន្តែការសម្រេចនេះបានជួបជាមួយនឹងប្រតិកម្មតបវិញពីភាគីជ្វីហ្វជ្រុលនិយម និងបានបង្កើតការប្រេះឆាយ៉ាងជ្រៅនៅក្នុងក្រុមចម្រុះរបស់រដ្ឋាភិបាល៕
