ចាប់ផ្ដើមពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៤នេះ មន្ត្រីសង្កាត់ ក៏ដូចជាក្រុមការងារមូលនិធិជាតិជំនួយសង្គម បានចាប់ផ្ដើមចុះទៅតាមភូមិឋានដោយផ្ទាល់ ដើម្បីចុះឈ្មោះគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ ចូលទៅក្នុងកម្មវិធីជំនួយសង្គមថ្មី គឺកម្មវិធី «កញ្ចប់គ្រួសារ»។

ជាដំណាក់កាលដំបូងនេះ មន្ត្រីសង្កាត់ដែលទទួលបានការបណ្ដុះបណ្ដាលរួចរាល់ និងមានការចូលរួមពីមន្ត្រីមូលនិធិជាតិជំនួយសង្គម បានចាប់ផ្ដើមយុទ្ធនាការ ដោយចុះទៅតាមភូមិឋាន ដើម្បីចុះឈ្មោះគ្រួសារក្រីក្រឱ្យចូលទៅក្នុងកម្មវិធីជំនួយសង្គមថ្មី គឺកម្មវិធី«កញ្ចប់គ្រួសារ»។ ការចុះឈ្មោះនៅតាមភូមិនេះ ធ្វើឡើងចាប់ពីថ្ងៃទី ១ រហូតដល់ថ្ងៃទី ២០ ខែមេសា។ ក្រោយថ្ងៃទី ២០ខែ មេសា គ្រួសារក្រីក្រ ដែលមិនទាន់បានចុះឈ្មោះ អាចបន្តទៅចុះឈ្មោះនៅតាមសង្កាត់ដោយផ្ទាល់។
កម្មវិធីជំនួយសង្គម «កញ្ចប់គ្រួសារ» នេះ ជាកម្មវិធីថ្មី ដែលរាជរដ្ឋាភិបាលសម្រេចឱ្យអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៤នេះ។ កម្មវិធីនេះ ជាកម្មវិធីមានលក្ខណៈអចិន្ត្រៃយ៍ គ្រប់ជ្រុងជ្រោយ ហើយវាជាកម្មវិធីដែលចូលមកជំនួស កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រកំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ដែលរាជរដ្ឋាភិបាលបានអនុវត្តតាំងពីឆ្នាំ ២០២០ និងទើបបិទបញ្ចប់នៅខែមីនា ឆ្នាំ២០២៤នេះ។

ការចុះឈ្មោះចូលកម្មវិធីថ្មីនេះ តាមសេចក្ដីជូនដំណឹង គឺតម្រូវឱ្យមេគ្រួសារ ឬតំណាងគ្រួសារ ត្រូវមានបណ្ណសមធម៌ដែលមានសុពលភាពជាច្បាប់ដើម និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ ចំពោះជនមានពិការភាព ត្រូវភ្ជាប់បន្ថែមនូវ បណ្ណសម្គាល់ជនមានពិការភាពជាច្បាប់ដើមផងដែរ។ រីឯចាស់ជរា ដែលមានអាយុចាប់ពី ៦០ឆ្នាំ ឡើងទៅ ត្រូវភ្ជាប់បន្ថែមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត។ ចំពោះក្រុមគោលដៅ ជាអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិ តាមរយៈការផ្ដល់ព័ត៌មានពីមេគ្រួសារ។
សម្រាប់គ្រួសារក្រីក្រ ដែលបានទៅចុះឈ្មោះនៅថ្ងៃដំបូងនេះ ពួកគេបានបង្ហាញជាការដឹងគុណជាខ្លាំង ដែលរាជរដ្ឋាភិបាលនៅតែបន្តជួយ និងគិតគូដល់ពួកគេដែលមានជីវភាពខ្វះខាត។ ពួកគេសប្បាយចិត្ត ដែលរាជរដ្ឋាភិបាលសម្រេចអនុវត្តកម្មវិធីជំនួយសង្គមថ្មីមួយទៀតភ្លាមៗ សម្រាប់ជួយពួកគេ ក្រោយកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ កំឡុងពេលប្រយុទ្ធប្រឆាំងកូវីដ-១៩ ត្រូវបានបិទបញ្ចប់។
សូមជម្រាបថា កម្មវិធី «កញ្ចប់គ្រួសារ» ជាការធ្វើសមហរណកម្ម ៤កម្មវិធីរួមគ្នា។ កម្មវិធីទី ១ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កម្មវិធីទី ២ គឺកម្មវិធីអាហារូករណ៍សិស្សក្រីក្រថ្នាក់បឋម និងមធ្យម។ កម្មវិធីទី៣ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងកម្មវិធីទី ៤ គឺកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនចាស់ជរាមានវ័យចាប់ពី ៦០ឡើងទៅ៕ អត្ថបទ៖ គឹមហុក
