មន្ត្រីម្នាក់បាននិយាយថា អាជ្ញាធរសុខាភិបាលបានចុះត្រួតពិនិត្យរោងចក្រផលិតឱសថ កូបាយ៉ាស៊ិ (Kobayashi) ទីពីរនៅភាគខាងលិចប្រទេសជប៉ុន កាលពីថ្ងៃអាទិត្យ (៣១ មីនា) បន្ទាប់ពីក្រុមហ៊ុននេះបានរាយការណ៍ពីការស្លាប់ចំនួន ៥ នាក់ដែលអាចជាប់ទាក់ទងនឹងអាហារបំប៉ន។

ការត្រួតពិនិត្យនៅក្នុងខេត្ត វ៉ាកាយ៉ាម៉ា (Wakayama) នេះធ្វើឡើងបន្ទាប់ពីការចុះពិនិត្យលើកទីមួយកាលពីថ្ងៃសៅរ៍ ក្នុងទីក្រុង អូសាកា (Osaka) ដោយពង្រីកការស៊ើបអង្កេតទៅលើក្រុមហ៊ុនផលិតឱសថមួយនេះក្នុងការប្រើប្រាស់សារធាតុដំបែក្រហម «បេនី-កូជិ» (Beni-Koji)។

ក្រុមហ៊ុន កូបាយ៉ាស៊ិ ដែលមានមូលដ្ឋាននៅទីក្រុងអូសាកា បាននិយាយថា ខ្លួនបានរកឃើញនូវអ្វីដែលមើលទៅដូចជាអាស៊ីត ភ្យូប៊ឺរូលីក (puberulic) មានជាតិពុល ដែលអាចត្រូវបានផលិតដោយផ្សិតពណ៌ខៀវឈ្មោះ ផេនណឺសស៊ីលៀម (penicillium) នៅក្នុងវត្ថុធាតុដើម បេនី-កូជិ ដែលផលិតនៅចន្លោះខែមេសា និងខែតុលា នៅរោងចក្រអូសាកា។
ក្រុមហ៊ុនបាននិយាយថា គិតត្រឹមថ្ងៃសុក្រ មនុស្ស ១១៤ នាក់ត្រូវបានសម្រាកនៅមន្ទីរពេទ្យ ហើយមនុស្ស ៥ នាក់បានស្លាប់ បន្ទាប់ពីទទួលទានអាហារបំប៉នដែលត្រូវបានលក់នៅលើទីផ្សារថាជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល។
មន្ត្រីនៅក្រសួងសុខាភិបាល និងសុខុមាលភាពរបស់ប្រទេសជប៉ុនបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា មូលហេតុនៃការស្លាប់នេះមិនត្រូវបានបញ្ជាក់ឡើយ ប៉ុន្តែត្រូវបានគេសង្ស័យថាសារធាតុ បេនី-កូជិ អាចជាមូលហេតុ ដូច្នេះទើបក្រុមមន្រ្តីចុះត្រួតពិនិត្យរោងចក្រចំនួនពីរក្នុងរយៈពេលពីរថ្ងៃមកនេះ៕