ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានណែនាំទៅដល់មន្ត្រីនៅតាមច្រកព្រំដែនទាំងអស់ ត្រូវបង្កើនការគ្រប់គ្រង់ពលរដ្ឋឆ្លងដែនដោយខុសច្បាប់ ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមច្រកទ្វាព្រំដែន និងទប់ស្កាត់ការចំណាកស្រុកដោយខុសច្បាប់ ដើម្បីបង្ការការរីករាលដាលនូវជំងឺឆ្លងកូវីដ១៩ ខណៈមេរោគនេះនៅតែបន្តផ្ទុះឡើងនោះ។
ការណែនាំបែបនេះ គឺបន្ទាប់ពីពិនិត្យឃើញថា បើទោះបីជាជំងឺកូវីដ១៩ នៅតែបន្តរាតត្បាតជាសកល ប៉ុន្តែ ពលករខ្មែរនៅតែព្យាយាមឆ្លងដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃ កើតមានជារៀងរាល់ថ្ងៃ ដោយសារតែកត្តាជីវភាព និងតាមការអូសទាញពីសំណាកមេខ្យល់ ដើម្បីចេញទៅធ្វើការងារ ខណៈក្នុងខែកញ្ញាកន្លងទៅនេះ ភាគីថៃ បានចាប់បញ្ជូនត្រឡប់មកវិញ ចំនួន ៣៦លើក ស្មើនឹង ៩៩៥ នាក់ ក្នុងនោះ ស្រី ១៦៩ នាក់ និងកុមារ ៦០ នាក់។
ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តខែតុលា ឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាព្រឹកថ្ងៃទី០៦ តុលានេះ នៅអគ្គនាយករដ្ឋានអន្តោប្រវេសន៍ ឯកឧត្ដម នាយឧត្តមសេនីយ៍ បានលើកឡើងថា «មន្ត្រីនគរបាលអន្តោប្រវេសន៍ ទាំងអស់ ត្រូវបង្កើនកិច្ចសហការជាមួយ មន្ត្រីពាក់ព័ន្ធទាំងអស់ ដើម្បីបម្រើសេវាសាធារណៈជូនភ្ញៀវជាតិ និងអន្តរជាតិ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ជាពិសេសត្រូវបង្កើនកិច្ចការងារគ្រប់ ជនអន្តោប្រវេសន៍ឆ្លងដែនដោយខុសច្បាប់ និងពលរដ្ឋខ្មែរ លួចឆ្លងដោយសុខច្បាប់ ជាពិសេសប្រទេសថៃ ខណៈរាជរដ្ឋាភិបាលថៃ បានប្រកាសដាក់ប្រទេសស្ថិតនៅក្នុងគ្រាអាសន្នមួយខែបន្ថែមទៀតនោះ»។
ឯកឧត្ដមបន្តថា ក្នុងនាមជាមន្ត្រីនគរបាលអន្តោប្រវេសន៍ ទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ សេចក្ដីថ្លៃថ្នូរ ចេះគោរព និងឲ្យតម្លៃគ្នាទៅវិញទៅមក ដើម្បីប្រយោជន៍ជាតិ និងប្រជាជន និងជៀសវាងដាច់ខាតនូវការប្រើប្រាស់មុខងារ និងសិទ្ធិអំណាចរបស់ខ្លួន ដើម្បីប្រព្រឹត្តអំពើមិនគប្បី ការប្រព្រឹត្តអំពើពុករលួយ ការប្រកាន់បក្សពួក និងត្រូវប្រកាន់ខ្ជាប់នូវគុណសម្បត្តិ ៤យ៉ាង គឺ ឆន្ទៈម្ចាស់ការ មនសិការវិជ្ជាជីវៈ ភក្ដីភាព និងវប្បធម៌សេវាសាធារណៈ។
បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៣ សីហា ដល់ថ្ងៃទី២២ កញ្ញាឆ្នាំ២០២០ មានពលរដ្ឋខ្មែរ ចេញទៅក្រៅប្រទេស មានចំនួនជិត ១ម៉ឺននាក់ ក្នុងនោះ ចេញជាលក្ខណៈអន្តរជាតិ ៧,១៩៤នាក់ និងជាជលក្ខណៈតំបន់ព្រំដែនចំនួន ២,៦១៧នាក់ ខណៈពលរដ្ឋខ្មែរដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា មានចំនួន ជិត ៨ ពាន់នាក់ ក្នុងនោះ ពលរដ្ឋខ្មែរ ដែលត្រូវបានអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញមានចំនួន ៣៩ លើក ស្មើនឹង ៥៤៥នាក់ ស្រី ១៨៣នាក់ និងកុមារ ៤០ នាក់៕ អត្ថបទ៖ បាន ចក់
