ភ្លៀងធ្លាក់ខ្លាំងដែលមានលាយសំណុំទឹកកក និងព្យុះផ្គររន្ទះបានវាយលុកផ្នែកធំៗនៃប្រទេសចិន ចាប់តាំងពីថ្ងៃសៅរ៍ (៣០ មីនា) ដោយក្រុមសង្កេតការណ៍ឧតុនិយមរបស់ប្រទេសនេះបានចេញការជូនដំណឹងពណ៌ខៀវសម្រាប់អាកាសធាតុធ្ងន់ធ្ងរសម្រាប់រយៈពេលពីរថ្ងៃបន្ទាប់ ពោលគឺនៅអាទិត្យ (៣១ មីនា) និងថ្ងៃចន្ទ (០១ មេសា) នេះ។

ប្រទេសចិន មានប្រព័ន្ធព្រមានអាកាសធាតុបីពណ៌សម្រាប់អាកាសធាតុសើមធ្ងន់ធ្ងរ ដោយពណ៌លឿងទុំតំណាងឱ្យការព្រមានធ្ងន់ធ្ងរបំផុត បន្ទាប់មកដោយពណ៌លឿង និងបន្ទាប់មកពណ៌ខៀវ។
យោងតាមមជ្ឈមណ្ឌលឧតុនិយមជាតិបានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃនៃការព្រមាននេះ ព្យុះផ្គររន្ទះ ខ្យល់កន្រ្តាក់ និងភ្លៀងសំណុំទឹកកក នឹងបោកបក់ផ្នែកខ្លះនៃទីក្រុង ឆុងឈីង (Chongqing) ខេត្ត គួយចូវ (Guizhou) ខេត្ត ហ៊ូណាន (Hunan) ខេត្ត ហ៊្វូជាន (Fujian) ខេត្ត ក្វាងទុង (Guangdong) និងតំបន់ ក្វាងស៊ី (Guangxi) ជាមួយនឹងល្បឿនខ្យល់អតិបរមាពី ១៧,២ ទៅ ២៨,៤ ម៉ែត្រក្នុងមួយវិនាទី។

នៅក្នុងខេត្ត គួយចូវ ភាគនិរតីនៃប្រទេសចិន តំបន់ចំនួន ២២ បានជួបប្រទះនឹងភ្លៀងធ្លាក់ ដែលមានរយៈពេលពី ៥ ទៅ ៧ នាទីនៅក្នុងតំបន់មួយចំនួននៅចន្លោះព្រឹកថ្ងៃសៅរ៍ និងព្រឹកថ្ងៃអាទិត្យ ជាមួយនឹងសំណុំទឹកកកដ៏ធំបំផុតដែលមានអង្កត់ផ្ចិត ៦៩ មីលីម៉ែត្រ នេះបើយោងតាមអាជ្ញាធរអាកាសធាតុខេត្ត។ ទន្ទឹមនឹងនេះ ភ្លៀងធ្លាក់ខ្លាំង និងសំណុំទឹកកក នៅតែបន្តកើតមាននៅតំបន់ជាច្រើនទៀតនៅទូទាំងប្រទេស៕
