ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាសនៅហ្កាហ្សា បាននិយាយថា ក្រុមឥស្លាមហាម៉ាស បានចោទប្រកាន់គូប្រជែងជាមួយអាជ្ញាធរប៉ាឡេស្ទីនថា បានបញ្ជូនមន្ត្រីសន្តិសុខទៅកាន់ហ្កាហ្សាភាគខាងជើង ក្រោមការបិទបាំងនៃការការពារដល់រថយន្តជំនួយ។

មន្ត្រីអាជ្ញាធរប៉ាឡេស្ទីន បានបដិសេធការចោទប្រកាន់របស់ក្រុមហាម៉ាស។ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃរបស់ក្រុមហាម៉ាស បានប្រាប់ទូរទស្សន៍ Al-Aqsa របស់ក្រុមនេះថា បេសកកម្មរបស់កងកម្លាំងនេះ ត្រូវបានត្រួតពិនិត្យដោយលោក Majed Faraj ដែលជាប្រធានចារកម្មរបស់អាជ្ញាធរប៉ាឡេស្ទីន។

ក្រុមនេះ បាននិយាយថា សមាជិកចំនួន៦នាក់នៃកម្លាំង ដែលបានដឹកតាមរថយន្តជំនួយឆ្លងកាត់តាមច្រក Rafah ជាមួយប្រទេសអេហ្ស៊ីប ត្រូវបានចាប់ខ្លួន ហើយកងកម្លាំងនគរបាល កំពុងស្វែងរកដើម្បីប្រមូលសមាជិកផ្សេងទៀតទាំងអស់។
មន្ត្រីក្រុមហាម៉ាស បាននិយាយថា៖«កម្លាំងសន្តិសុខត្រូវបានសង្ស័យថា កាលពីម្សិលមិញ បានចូល ជាមួយនឹងរថយន្តដឹកជំនួយអឌ្ឍចន្ទអេហ្ស៊ីប បានសម្របសម្រួលប្រតិបត្តិការរបស់ខ្លួនទាំងស្រុងជាមួយកងកម្លាំងកាន់កាប់ (អ៊ីស្រាអែល)»។
មន្ត្រីអាជ្ញាធរប៉ាឡេស្ទីននៅទីក្រុរ៉ាម៉ាឡា ក្នុងតំបន់វេសបែង( West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃគ្រប់គ្រងដោយក្រុមហាម៉ាស ជុំវិញការផ្តល់ជំនួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប គឺមិនត្រឹមត្រូវនោះទេ»។