ស្ទឹងត្រែង៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចែកជូនដល់កងទ័ពជួរមុខនៅបញ្ជាការដ្ឋាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ កងពលតូចអន្តរាគមន៍លេខ១២៨ និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ ពិធីសំណេះសំណាលនេះបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចអន្តរាគមន៍លេខ ២៨៣ កងពលតូចអន្តរាគមន៍លេខ ១២៨ យោធភូមិភាគទី១ ក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ គិតមកដល់ពេលនេះ បានបង្កើតអនុស្សារណៈស្តីពីការចងសម្ព័ន្ធមេត្រីជាមួយអង្គភាពជួរមុខចំនួន២ គឺកងពលធំអន្តរាគមន៍លេខ៣ ក្នុងខេត្តព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ក្នុងខេត្តស្ទឹងត្រែង ព្រមទាំងបានបង្កលក្ខណៈ និងតម្រង់ទិសជូនរដ្ឋបាលខណ្ឌទាំង ១៤ មន្ទីរអង្គភាពជំនាញ និងវិស័យឯកជនក្នុងមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចុះអនុស្សារណៈចងសម្ព័ន្ធមេត្រីភាព ជាមួយបណ្តាអង្គភាពចំណុះថ្នាក់ក្រោម ដែលកាន់តែកៀកជិតជីវភាពរស់នៅរបស់កងទ័ពចំនួន៤អង្គភាពបន្ថែមទៀត។ តាមរយៈចំណងសម្ព័ន្ធមេត្រីភាពនេះ រដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង ១៤ តែងតែបានចងភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ មានសកម្មភាពដូចភ្លៀងរលឹម ដែលយ៉ាងហោចណាស់ បានរៀបចំព្រឹត្តិការណ៍២ដងក្នុងមួយឆ្នាំ គឺក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌ និងក្នុងអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដោយបាននាំយកនូវអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រអង្គភាពជួរមុខ និងសម្រាលការលំបាកក្នុងជីវភាពរស់នៅបានមួយកម្រិត ដែលនេះ គឺជាផ្លែផ្កានៃចំណងសម្ព័ន្ធមេត្រី រវាងអង្គភាពជួរមុខ និងអង្គភាពជួរក្រោយ ស្របតាម អនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកឧត្តមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ បានមានប្រសាសន៍ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ក្នុងការដោះស្រាយ និងផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់កងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងប្រៀបឈ្នះ បង្កើនធនធានមនុស្សក្នុងជួរកងទ័ព ពង្រឹងសមត្ថភាពជំនាញ និងកសាងពង្រឹងអង្គភាពឱ្យបានរៀបរយ បង្កលក្ខណៈឱ្យកងយោធពលខេមរភូមិន្ទ មានលទ្ធភាពក្នុងការបំពេញកិច្ចការពារបូរណភាពទឹកដី និងសហការ ការពារថែរក្សា សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាពសង្គម។ ក្នុងពេលនេះដែរសម្តេច បានជួយឧបត្ថម្ភជា ថវិកា សម្ភារៈ គ្រឿងឧបភោគ បរិភោគ ប្រេងឥន្ទនៈ ដល់កងទ័ពកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ទិសទី១ និងកម្ពុជា -ឡាវ ទិសអូរអាឡៃ-អូរតាង៉ាវ តាមរយៈសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ សម្រាប់ប្រើប្រាស់ ដោះស្រាយក្នុងការកសាងអង្គភាព។

ឧត្តមសេនីយ៍ទោ មៀច សាមុត បន្តថា សម្រាប់កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នេះជាលើកទី១៣ហើយ ដែលសម្ព័ន្ធមេត្រីភាពរដ្ឋបាលរាជធានីភ្នំពេញបានចុះមកសំណេះសំណាល សួរសុខទុក្ខ ដល់ នាយទាហាន នាយទាហានរង និងពលទាហាន។ ដោយឡែកសម្រាប់កងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ បានអញ្ជើញមកចំនួន ៥លើករួចមកហើយដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា






