នៅកណ្តាលទីក្រុងខាគីវ ( Kharkiv) អ្នកឮសំឡេងម៉ាស៊ីនភ្លើង នៅគ្រប់ផ្លូវ។ រយៈពេល១០ថ្ងៃកន្លងទៅ ទីក្រុងទី២របស់អ៊ុយក្រែន បានធ្លាក់ចូលទៅក្នុងភាពងងឹតដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្សីដែលកំណត់គោលដៅទៅលើប្រព័ន្ធថាមពល ជាការដ៏ធំបំផុត ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមពេញទំហឹង។

នៅពេលដែលទីក្រុងខាគីវ ធ្វើការដើម្បីស្តារថាមពលឡើងវិញ មានរលកនៃការវាយប្រហារបន្ថែមនៅទូទាំងប្រទេស ដោយកំណត់គោលដៅទៅលើការផ្គត់ផ្គង់ថាមពល។
លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានថ្កោលទោសអ្វីដែលលោកហៅថា ជា«ភេរវកម្មមីស៊ីល»របស់រុស្ស៊ី។

លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានអំពាវនាវជាថ្មីដល់សម្ព័ន្ធមិត្តរបស់ប្រទេសលោកសម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីយកមកការពារ។
អាជ្ញាធរនៅទីក្រុងអូដេសា ( Odesa) នៅលើសមុទ្រខ្មៅ នៅភាគខាងត្បូងនៃប្រទេស បាននិយាយថា ប្រព័ន្ធថាមពលនៅទីនោះ គឺជាចុងក្រោយបំផុតដែលត្រូវបានវាយប្រហារនៅពេលយប់ជាមួយនឹងមីស៊ីល និងយានដ្រូនដែលបានបណ្តាលឲ្យដាច់ភ្លើងមួយផ្នែក។
នៅទីក្រុងខាគីវភាគខាងជើង ការវាយប្រហារនោះ បានឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។
អភិបាលក្រុងខាគីវ លោក Igor Terekhov បាននិយាយថា វានឹងចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីស្តារការផ្គត់ផ្គង់ពេញលេញឡើងវិញ ហើយប្រសិនបើកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី មិនវាយប្រហារគោលដៅដដែល ម្តងទៀតទេ។