ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យថា គណៈប្រតិភូរបស់ប្រទេសនេះ បានទៅដល់ប្រទេសអេហ្ស៊ីប សម្រាប់ការចរចាស្តីពីការផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាស្ទ្រីប ជាថ្នូរទៅនឹងការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្ត្រីក្រុមហាម៉ាស ដែលនិយាយថាក្រុមនេះនឹង រង់ចាំស្តាប់ពីអ្នកសម្របសម្រួលអេហ្ស៊ីប អំពីលទ្ធផលនៃកិច្ចចរចាជាមួយអ៊ីស្រាអែលជាមុនសិន។

ក្រុមហាម៉ាស បានប្រើប្រាស់ការចរចាកាលពីពេលមុនដើម្បីទាមទារបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងអនុញ្ញាតឱ្យពលរដ្ឋប៉ាឡេស្ទីនដែលភៀសខ្លួនចេញទៅភាគខាងត្បូងឲ្យត្រឡប់ទៅភាគខាងជើងវិញ។ ប៉ុន្តែ អ៊ីស្រាអែល នៅបន្តបដិសេធបទឈប់បាញ់បែបនេះ។
គេហទំព័រព័ត៌មានសហរដ្ឋអាមេរិក អាស៊ីអូស(Axios) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលសំណើរបស់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេស និងអ្នកចរចាអ៊ីស្រាអែលផ្សេងទៀត ដើម្បីផ្តល់ឱកាសឱ្យពួកគេបន្ថែមទៀត ដូច្នេះពួកគេអាចទទួលបានកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស។

ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សមាជិកមួយចំនួនរបស់គណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមអ៊ីស្រាអែល បានជំរុញលោក Netanyahu ឱ្យបង្ហាញពីភាពបត់បែនបន្ថែមទៀត ដែលលោក Netanyahu បានចោទប្រកាន់ពួកគេពីភាពទន់ជ្រាយ និងមិនដឹងពីរបៀបចរចាជាមួយក្រុមហាម៉ាស។
ដោយប្រឆាំងទៅនឹងទិដ្ឋភាពនេះ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភារបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យដើម្បីអំពាវនាវឱ្យលោក Netanyahu លាលែងពីតំណែង។ ពួកគេនិយាយថា លោក បានបរាជ័យក្នុងការដោះលែងចំណាប់ថ្នូរ ដែលនៅតែជាប់ឃុំឃាំងនៅតំបន់ហ្កាហ្សា។
បាតុករម្នាក់ ដែលមានមិត្តភក្តិត្រូវបានចាប់ជាចំណាប់ថ្នូរមិនទាន់ត្រឡប់មកវិញ បាននិយាយថាលោក Netanyahu គួរតែចាកចេញជាបន្ទាន់ ខណៈរដ្ឋាភិបាលរបស់លោកពុំដែលបានធ្វើអ្វីដែលគួរធ្វើ។
បាតុករម្នាក់ទៀតបាននិយាយថា លោក Netanyahu គួរតែចុះចេញពីដំណែង ខណៈកុមារជាច្រើនត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ហើយការដោះលែងចំណាប់ថ្នូរពេញលេញមិនទាន់ធ្វើឡើងនៅឡើយ។