ជាមួយនឹងអង្គការណាតូ (Nato) ប្រារព្ធខួបលើកទី ៧៥ នៅថ្ងៃទី ០៤ ខែមេសា ខាងមុខនេះ ការចូលជាសមាជិករបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ គឺជាការបន្ថែមដ៏សំខាន់បំផុតចំពោះសម្ព័ន្ធយោធាក្នុងប៉ុន្មានទសវត្សរ៍កន្លងមក ខណៈការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅរដូវស្លឹកឈើជ្រុះក្នុងខែវិច្ឆិកា ឆ្នាំនេះ អាចកំណត់តួនាទីរបស់មហាអំណាចមួយនេះនៅក្នុងអង្គការ ណាតូ។

ការពង្រីកខ្លួនរបស់អង្គការណាតូ ដែលរួមមានសមាជិកចំនួន ៣២ ប្រទេសមកទល់ពេលនេះ ត្រូវបានមនុស្សជាច្រើនមើលឃើញថា ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានព្យាយាមទប់ស្កាត់ការពង្រឹងសម្ព័ន្ធយោធាបន្ថែមទៀត។

យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា អង្គការណាតូ មានបញ្ហាប្រឈមផ្ទាល់ខ្លួន រួមទាំងការផ្លាស់ប្តូរកងកម្លាំងណាតូ ដើម្បីផ្តោតលើការការពារប្រឆាំងនឹងការវាយប្រហារណាមួយរបស់រុស្ស៊ី បន្ទាប់ពីជាច្រើនទសវត្សរ៍ដែល ណាតូ ផ្តោតលើបេសកកម្មហួសពីព្រំដែនរបស់ខ្លួន ដូចជានៅអាហ្វហ្គានីស្ថាន និងតំបន់បាល់កង់ ហើយនិងតួនាទីរបស់ខ្លួននៅអាស៊ី។
សម្ព័ន្ធយោធា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ១៩៤៩ បានចាប់ផ្តើមនៅពេលដែលរដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ១២ បានចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬត្រូវបានគេស្គាល់ថាជាសន្ធិសញ្ញាវ៉ាស៊ីនតោន ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី របស់សហរដ្ឋអាមេរិក៕