ប្រដាល់៖ ឯកឧត្តម សុខ សង្វារ ប្រធានក្រុមកីឡា ផ្នែកសិល្បៈ និងកីឡា តំណាងលោកជំទាវ ដាំ ដារិនី ប្រធានផ្នែកសិល្បៈ និងកីឡាបាននាំយកអំណោយរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារផ្នែកសិល្បៈ និងកីឡាចំនួន ២,០០០ដុល្លារឧបត្ថម្ភដល់លោក អេ ភូថង អតីតជើងខ្លាំងគុនខ្មែរដែលបានឆ្លងជំងឺកូវីដ-១៩ និងមានជំងឺប្រចាំកាយ។

ពិធីប្រគល់អំណោយ និងសួរសុខទុក្ខអតីតអ្នកប្រដាល់ដ៏ល្បីល្បាញរូបនេះ បានធ្វើឡើងតាមប្រព័ន្ធ ZOOM ដែលមានការចូលរួមពីឯកឧត្ដម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ រួមនឹងទាំងក្រុមការងារផ្នែកសិល្បៈ និងកីឡានៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ពិសេសក៏មានវត្តមានលោក អេ ភូថង ផងដែរបន្ទាប់ពីបានធូរស្រាលច្រើនពីជំងឺ។ ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ថា ថវិកា ២,០០០ដុល្លារនេះគឺជាអំណោយឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ១,០០០ដុល្លារ និងថវិការៃអង្គាសពីក្រុមការងារផ្នែកសិល្បៈនិងកីឡា ១,០០០ដុល្លារ។ ជាមួយគ្នានោះ ឯកឧត្ដមក៏បានពាំនាំការសួរសុខទុក្ខ និងការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជាចំពោះលោក អេ ភូថង លើកទឹកចិត្តឲ្យលោកខិតខំថែរក្សាសុខភាពឆាប់បានជាសះស្បើយពីជំងឺផងដែរ។
ឆ្លៀតឱកាសនោះលោក អេ ភូថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ហ៊ុន ម៉ាណែត និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ដែលបានជួយរំលែកទុក្ខលំបាករបស់ក្រុមគ្រួសារលោក និងយកចិត្តទុកដាក់ខ្ពស់លើកស្ទួយវិស័យកីឡាជាតិយើង។ លោកក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកខ្ពស់ព្យាបាលរូបលោក ដែលស្ទើរតែគ្មានសង្ឃឹមឲ្យបានធូរស្បើយឡើងវិញនៅពេលនេះ។ បើតាមការបញ្ជាក់របស់អ្នកស្រី សាំង សុម៉ាលី បានឲ្យដឹងថា មកទល់ពេលនេះអាការៈស្វាមីអ្នកស្រីគឺបានធូរស្រាលច្រើនហើយ បន្ទាប់ពីទទួលបានការយកចិត្តទុកពីក្រុមគ្រូពេទ្យ។ ទន្ទឹមជាមួយគ្នា អ្នកស្រីក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ពិសេសគោរពវិធានការ ៣ការពារ និង ៣កុំដើម្បីចៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា