ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) បាននិយាយថា លោកស្រី នឹងមិនលាលែងពីតំណែងនោះទេ បន្ទាប់ពីលំនៅឋានរបស់លោកស្រីត្រូវបានឆ្មក់ចូលឆែកឆេរ ជាផ្នែកមួយនៃការស៊ើបអង្កេតលើកម្មសិទ្ធរបស់របរទំនើបខុសច្បាប់ដែលអាចកើតមាន និងពុំបានប្រកាសពីកម្មសិទ្ធិមាននាឡិកាប្រណីត។

មន្ត្រីប្រហែល ២០ នាក់មកពីការិយាល័យរដ្ឋអាជ្ញាសាធារណៈ និងនគរបាល ២០ នាក់បានឆ្មក់ចូលឆែកឆេរលំនៅឋានរបស់លោកស្រី Boluarte កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែមីនា និងនៅវិមានប្រធានាធិបតី កាលពីថ្ងៃសៅរ៍។
លំនៅឋានរបស់លោកស្រី Boluarte ស្ថិតនៅក្នុងទីក្រុង Lima មានចម្ងាយពីរបីគីឡូម៉ែត្រពីវិមានដែលលោកស្រីធ្វើការ។
កាលពីពីរសប្តាហ៍មុន រដ្ឋអាជ្ញា បានចាប់ផ្តើមការស៊ើបអង្កេតបឋមបន្ទាប់ពីមានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយដោយកម្មវិធីអ៊ីនធឺណិត La- Encerrona ដែលប្រធានាធិបតីរូបនេះមាននាឡិកាម៉ាក Rolex ជាច្រើនគ្រឿង។ ការស៊ើបអង្កេតនេះ មានគោលបំណងដើម្បីកំណត់ថាតើមានមូលដ្ឋានសម្រាប់ការស៊ើបអង្កេតផ្លូវការ លើប្រធានាធិបតីរូបនេះឬយ៉ាងណា។

លោកស្រី Boluarte ដែលបានចូលកាន់តំណែងចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ បានទទួលស្គាល់ថាលោកស្រីមាននាឡិកា Rolex ជាច្រើនគ្រឿង ដែលលោកស្រី បាននិយាយថាលោកស្រី បានទិញដោយប្រាក់ដែលលោកស្រីរកបាន តាំងពីនៅវ័យក្មេង។
អាជ្ញាធរប្រទេសប៉េរូ បានឆ្មក់ចូលឆែកឆេរលំនៅឋាន និងការិយាល័យរបស់ប្រធានាធិបតី លោកស្រី Dina Boluarte ជុំវិញការចោទប្រកាន់ថាមានរបស់របរទំនើបខុសច្បាប់ និងពុំបានប្រកាសថាមាននាឡិកាប្រណីតជាច្រើនគ្រឿង។
លោកស្រី Boluarte មានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកការឆ្មក់ចូលឆែកឆេរតាមអំពើចិត្ត និងមិនសមស្រប។