កណ្តាល ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ និងសហការី បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខនាយទាហាន នាយ ទាហានរង និងពលទាហាន នៃទីបញ្ជាការដ្ឋានអង្គរក្ស នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ នេះ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
នៅក្នុងសុន្ទរកថាស្វាគមន៍ ឧត្តមសេនីយ៍ឯក ណុប រ័ត្ននិមល មេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្សបានឲ្យដឹងថា ឆ្លងកាត់ពេលវេលាជាច្រើនឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានអង្គរក្ស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងភាពប៉ិនប្រសព្វរបស់នាយឧត្តសេនីយ៍កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃខេមរះភូមិន្ទនាយករងខុទ្ធកាល័យសម្តេចធិបតីនាយករដ្ឋមន្ត្រី និង ជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និង នាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ គឺជាកម្លាំងអន្តរាគមន៍ពិសេសចល័តយ៉ាងឆាប់រហ័ស របស់រាជដ្ឋាភិបាលជាពិសេសបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសម្តេចធិបតី និងលោក ជំទាវបណ្ឌិតបានទាន់ពេលវេលានិងមានប្រសិទ្ធភាពខ្ពស់បំផុត។ដោយបានសហការយ៉ាងស្អិតរមួតជាមួយកង កម្លាំងអង្គភាពចំណុះអគ្គបញ្ជាការដ្ឋានក្រសួងការពារជាតិ កងនគរបាលជាតិ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ជា ពិសេសជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះបំពេញបេសកកម្មជូនជាតិនៅទូទាំងប្រទេសក្លាយជាកម្លាំងសរុបមួយយ៉ាងរឹងមាំប្រកបដោយសុវត្ថិភាពសម្រេចបានជោគជ័យគ្រប់ភារកិច្ចនិងប្តេជ្ញាការពារសន្តិសុខសុវត្ថិ ភាពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតីនិងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ។ បានចូលរួមចំណែកការពារបូរណភាពទឹកដី ការពារស្ថិរភាព សន្តិសុខសង្គមការពារភ្ញៀវជាតិ អន្តរជាតិ ដែលបានមកបំពេញបេសកកម្មនៅកម្ពុជា និងការពារប្រជាពលរដ្ឋប្រកបដោយសុខសន្តិភាព។
ក្រៅពីការងារស្នូលនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត បានប្រើប្រាស់កម្លាំងធ្វើជាសេនាធិការជូនកាកបាទក្រហមកម្ពុជា គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម ក្រសួងធនធានទឹកនិង ឧតុនិយម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចូលរួមការងារជួយ សង្គ្រោះជូនដល់ប្រជាពលរដ្ឋដូចជា ជីក-ស្តារប្រឡាយ ដកស្ទូង សង្គ្រោះគ្រោះរាំងស្ងួត គ្រោះទឹកជំនន់ គ្រោះអគ្គិភ័យ និងគ្រោះមហន្តរាយផ្សេងៗ។ ក្នុងបរិបទជំងឺកូវីដ-១៩ បានរីករាលដាលជាសកលលើពិភព លោកក្នុងនោះប្រទេសកម្ពុជាបានផ្ទុះការឆ្លងរីករាលដាល ក្នុងសហគមន៍ផងដែរ ស្ថិតក្នុងស្ថានភាពដ៏លំបាកនាពេលនោះ កម្លាំងបញ្ជាការដ្ឋានអង្គរក្ស បានខិតខំពុះពារដឹកជញ្ជូន លើក-លី-សែង ស្បៀងអាហារគ្រប់គោលដៅ ចែកជូនផ្ទាល់ដល់ប្រជាពល រដ្ឋនៅតំបន់បិទខ្ទប់មូលដ្ឋានទាំង ១៤ ខណ្ឌ ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុរាប់ម៉ឺនតោន ជាពិសេសដឹក ជញ្ជូនពលករចំណាកស្រុក មកពីក្រៅប្រទេសមកធ្វើចត្តា ឡីស័ក នៅតាមមណ្ឌលសុខភាព និងដឹកប្រជាពលរដ្ឋដែលបានឆ្លងជំងឺកូវីដ-១៩ទៅព្យាបាលនៅតាមមណ្ឌល សុខភាព មន្ទីពេទ្យតាមបណ្តារាជធានី-ខេត្ត ទូទាំងព្រះរាជា ណាចក្រកម្ពុជា។
ថ្លែងក្នុងឪកាសនោះ ឯកឧត្តម ហេង សួរ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃនានារបស់នាយទាហាន ពលទាហាន បញ្ជាការដ្ឋានអង្គរក្ស ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងមាន ការលះបង់ខ្ពស់ ក្នុងការបំពេញតួនាទីភារកិច្ចប្រកប ដោយភាពស្មោះត្រង់បម្រើការពារប្តូរផ្តាច់ លើការការពារសុវត្ថិភាពសន្តិសុខជូនប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងកិច្ចការពារបូរណភាពទឹកដី ព្រមទាំងកិច្ចការសង្គមកិច្ចជាច្រើនទៀត។ ឯកឧត្តម រដ្ឋមន្ត្រី បានចាត់ទុកថា បញ្ជាការដ្ឋានអង្គរក្ស គឺជាកម្លាំងស្នូលនៃ ខ.ភ.ម និងមិនអាចខ្វះបាន ដែលបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងកិច្ចការការពារសុវត្ថិ ភាពសន្តិសុខរបស់ថ្នាក់នាំប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ឯកឧត្តម រដ្ឋមន្ត្រីបានជម្រុញនិងលើកទឹកចិត្តដល់បញ្ជា ការដ្ឋានអង្គរក្សបន្តអនុវត្តនូវតួនាទីភារកិច្ចដ៏ល្អរបស់ខ្លួនបន្តទៅទៀត លើកិច្ចការពារសន្តិសុខសុវត្ថិភាពជូនសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចធិបតី និងលោក ជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារឲ្យទទួលបានជោគជ័យ ១០០% ដើម្បីជាម្លប់ដ៏ត្រជាក់ និងដើម្បីដឹកនាំប្រទេសកម្ពុជាកាន់តែរីកចម្រើន ព្រមទាំងរក្សាបាននូវសុខសន្តិភាពបានយូរអង្វែង ។
ឯកឧត្តម ហេង សួរ ក៏បានផ្ដល់អំណោយឧបត្ថម្ភដល់បញ្ជាការដ្ឋានអង្គរក្ស មានភេសជ្ជៈស្រាបៀរ ចំនួន ៨០០ កេស. មីជាតិ ៨០០កេស. អង្ករ ៤០តោន. ទឹកស៊ីអ៊ីវ ២០០០ យូរ. ទឹកត្រី ២០០០ យូរ. ត្រីខ ចំនួន ៤០០កេស និងថវិកាចំនួន ២០០ លានរៀល៕ អត្ថបទ៖ ភារម្យ
















