ចិន៖ ភ្លៀងធ្លាក់ខ្លាំងបានបណ្ដាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ នៅផ្នែកខ្លះនៃភាគកណ្ដាលប្រទេសចិនដែលបង្ខំឱ្យប្រជាពលរដ្ឋជម្លៀសចេញពីផ្ទះសម្បែង និងចាកចេញពីស្ថានីយវារីអគ្គិសនី និងផ្លូវថ្នល់ជាច្រើនខ្សែត្រូវបានទឹកជន់លិច។

ប្រជាជនជាង ១ម៉ឺននាក់នៅខេត្ត Henan ត្រូវបានជម្លៀសទៅកាន់ជម្រកបណ្ដោះអាសន្ន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរនៅទីនោះបានបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្ស ១២នាក់បានស្លាប់នៅក្នុងទីក្រុង Zhengzhou ចាប់តាំងពីទឹកជំនន់បានចាប់ផ្ដើម។ ទីក្រុងជាង ១០ បានរងផលប៉ះពាល់ដោយបង្ខំឲ្យបិទផ្លូវសំខាន់ៗ និងជើងហោះហើរជាច្រើនត្រូវលុបចោល។ ខេត្ត Henan ដែលមានប្រជាជនប្រមាណ ៩៤លាននាក់បានប្រកាសអាសន្នការព្រមានពីកម្រិតអាកាសធាតុខ្ពស់បំផុត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា។ មានកត្តាជាច្រើនរួមចំណែកបង្កឲ្យមានទឹកជំនន់ ប៉ុន្តែបរិយាកាសក្តៅដែលបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ទំនងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង៕
អត្ថបទ៖ សុខមាន