
អ្នកស្រុកក្នុងប្រទេសជប៉ុន បានសម្តែងការព្រួយបារម្ភរបស់ពួកគេអំពីសុវត្ថិភាពនៃអាហារបំប៉នសុខភាព និងការមិនទុកចិត្តចំពោះក្រុមហ៊ុនផលិតឱសថ កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល (Kobayashi Pharmaceutical) បន្ទាប់ពីក្រុមហ៊ុននេះបានរាយការណ៍ពីការស្លាប់ចំនួន ៥ នាក់ដែលអាចត្រូវបានផ្សារភ្ជាប់ទៅនឹងអាហារបំប៉នរបស់ខ្លួន។
ក្រុមហ៊ុនឱសថខ្នាតយក្សដែលមានមូលដ្ឋាននៅទីក្រុងអូសាកា (Osaka) នេះបានបញ្ជាក់របាយការណ៍ថា អ្នកដែលទទួលទានអាហារបំប៉នប្រភេទគ្រាប់មានសារធាតុ បេនី-កូជិ (Beni-koji) ដែលមានប្រសិទ្ធភាពបញ្ចុះកម្រិតកូឡេស្តេរ៉ុល បានបង្កើតបញ្ហាតម្រងនោម និងជំងឺផ្សេងៗទៀត។
ក្រោយពីការស្លាប់នោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យជាងមួយរយនាក់ ក្រុមហ៊ុនផលិតឱសថនេះបានប្រមូលផលិតផលដែលពាក់ព័ន្ធមកវិញ និងសូមអភ័យទោសចំពោះបញ្ហាសុខភាពដែលផលិតផលខ្លួនបានបង្ក។
ដោយសារមូលហេតុនៃការស្លាប់ និងជំងឺទាក់ទងនឹងការទទួលទានថ្នាំគ្រាប់មានសារធាតុមេដំបែក្រហមរបស់ក្រុមហ៊ុន កូបាយ៉ាស៊ិ នៅតែស្ថិតក្រោមការស៊ើបអង្កេត ឧបទ្ទវហេតុនេះបានបង្កឱ្យមានការព្រួយបារម្ភយ៉ាងទូលំទូលាយក្នុងចំណោមសាធារណជនជប៉ុនទាក់ទងនឹងសុវត្ថិភាពនៃអាហារបំប៉នសុខភាព។
អ្នកស្រុកក៏បានសម្តែងការខកចិត្តរបស់ពួកគេចំពោះក្រុមហ៊ុន កូបាយ៉ាស៊ិ ដែលជាក្រុមហ៊ុនផលិតឱសថមានប្រវត្តិជាងមួយសតវត្សរ៍មកហើយ ចំពោះបញ្ហាសុវត្ថិភាពបែបនេះ៕