
យោធាបាននិយាយថា ទីក្រុងកំពង់ផែ Eilat នៃសមុទ្រក្រហមរបស់អ៊ីស្រាអែល បានស្ថិតនៅក្រោមការវាយប្រហារតាមអាកាសនៅថ្ងៃចន្ទនេះ ដោយបានបណ្តាលឲ្យមានអ្នករងរបួស ហើយក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ បានចេញការអះអាងទទួលខុសត្រូវ។
សេចក្តីថ្លែងការណ៍របស់យោធា បានឲ្យដឹងថា គ្រាប់ដែលបានបាញ់ចេញពីភាគខាងកើតនៃប្រទេសអ៊ីស្រា អែល បានត្រូវចំ អគារមួយនៅក្នុងទីក្រុងEilat ។ សេចក្តីថ្លែងការណ៍នេះ មិនបានបញ្ជាក់លម្អិតអំពីគ្រាប់នោះ ឬ ភ័ស្តុតាងនោះទេ។ ស៊ីរ៉ែនបានឮចេញពីទីក្រុងនេះ ប៉ុន្តែមិនមានការស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសទេ។
ក្រុមតស៊ូឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាកងជីវពលមួយ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានវាយប្រហារ «គោលដៅសំខាន់» នៅក្នុងប្រទេសអ៊ីស្រាអែល «ដោយប្រើអាវុធសមស្រប»។ ក្រុមនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ទីក្រុងEilat បានទទួលរងការវាយប្រហារដោយមីស៊ីល និងយានដ្រូនម្តងហើយម្តងទៀតពីចលនាហ៊ួទី ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ក្នុងប្រទេសយេម៉ែន ក្នុងអំឡុងពេលសង្រ្គាមជិត៦ខែរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ កាលពីខែវិច្ឆិកា អ៊ីស្រាអែលបាននិយាយថា ក្រុមមួយនៅស៊ីរីបានវាយប្រហារដោយយានដ្រូនទៅលើទីក្រុងកំពង់ផែនេះ។