
សមាជិកសភាអាមេរិករបស់គណបក្សសាធារណរដ្ឋមកពីរដ្ឋ Michigan បានបង្ហាញពីការគិតរបស់លោកដោយបើកចំហ អំឡុងកិច្ចប្រជុំសាលាក្រុងកាលពីសប្តាហ៍មុន អំពីការបំផ្លាញតំបន់ហ្កាហ្សាស្ទ្រីប ដោយប្រាប់អ្នកបោះឆ្នោតរបស់លោកថា «តំបន់នេះគួរតែដូចទៅនឹងទីក្រុង Nagasaki និងទីក្រុង Hiroshima» របស់ប្រទេសជប៉ុន។
បើយោងតាមវីដេអូដែលបានផុសនៅលើប្រព័ន្ធអ៊ីនធឺណិតពីព្រឹត្តិការណ៍ កាលពីថ្ងៃទី២៥ ខែមីនា នៅទីក្រុង Dundee រដ្ឋ Michigan បានបង្ហាញថា តំណាងរាស្ត្រ លោក Tim Walberg បាននិយាយថា «បញ្ចប់វាឲ្យបានលឿន»។
សុន្ទរកថារបស់លោកដែលរំលឹកឡើងវិញពីការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកលើប្រទេសជប៉ុន អំឡុងសង្គ្រាមលោកលើកទី២ ខណៈពេលកំពុងពិភាក្សាអំពីការប្រឆាំងរបស់លោក ចំពោះជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក សម្រាប់តំបន់ហ្កាហ្សា បាននាំឲ្យមានការថ្កោលទោសភ្លាមៗ ក្នុងនោះរួមទាំងការអំពាវនាវយ៉ាងហោចណាស់មួយឲ្យលោកលាលែងពីតំណែង។ លោកបានបន្តថា ការលើកឡើងរបស់លោកត្រូវបានយកចេញក្រៅបរិបទ ហើយឃ្លីបនេះបង្ហាញតែផ្នែកខ្លះនៃការឆ្លើយតបរបស់លោកប៉ុណ្ណោះ។ លោក Justin Amash ដែលជាអតីតសហសេវិកសមាជិកសភាពរបស់គណបក្សសាធារណរដ្ឋ នៅរដ្ឋ Michigan និងជាជនជាតិអាមេរិក-ប៉ាឡេស្ទីន បានបរិហារលោក Walberg ចំពោះការអត្ថាធិប្បាយរបស់លោក ដោយសរសេរនៅលើវេទិកាបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍ (ទី៣០ ខែមីនា) ថា ពួកគេ «បង្ហាញពីភាពព្រងើយកន្តើយចំពោះការឈឺចាប់របស់មនុស្ស»។ លោក Amash បានសរសេរថា៖ «ប្រជាជននៅតំបន់ហ្កាហ្សា គឺជាមនុស្សរួមលោករបស់យើង ដែលភាគច្រើនជាកុមារ ជាប់ក្នុងកាលៈទេសៈដ៏គួរឲ្យរន្ធត់ហួសពីការគ្រប់គ្រង។ សម្រាប់គាត់ ក្នុងការផ្តល់យោបល់ថា ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់រាប់សែននាក់គួរតែត្រូវបានបំផ្លាញចោល ក្នុងនោះរួមទាំងសាច់ញាតិរបស់ខ្ញុំផ្ទាល់ដែលស្នាក់នៅក្នុងព្រះវិហារគ្រិស្តអូស្សូដក់ គឺជាការប្រមាថ និងមិនអាចលើកលែងបានឡើយ»។
នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X កាលពីព្រឹកថ្ងៃអាទិត្យ (ទី៣១ ខែមីនា) លោក Walberg វ័យ ៧២ឆ្នាំ ជាអតីតគ្រូគង្វាល និងសមាជិកសភាជាយូរមកហើយ ដែលតំណាងឲ្យរដ្ឋ Michigan ភាគខាងត្បូង បានព្យាយាមបង្ហាញពីភាពបរិសុទ្ធនៃសុន្ទរកថារបស់លោក ហើយបានចោទប្រកាន់អ្នករិះគន់ថា បានបំភ័ន្តពាក្យពេចន៍របស់លោក។ លោកបានសរសេរថា៖ «ក្នុងនាមជាកុមារម្នាក់ដែលធំធាត់ឡើង ក្នុងសម័យសង្រ្គាមត្រជាក់ រឿងចុងក្រោយដែលខ្ញុំចង់តស៊ូមតិ គឺការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ នៅក្នុងឃ្លីបខ្លីមួយ ខ្ញុំបានប្រើពាក្យប្រៀបធៀបមួយ ដើម្បីបង្ហាញពីតម្រូវការ ទាំងសម្រាប់អ៊ីស្រាអែល និងអ៊ុយក្រែន ក្នុងការឈ្នះសង្រ្គាមរបស់ពួកគេឲ្យបានលឿនតាមដែលអាចធ្វើទៅបាន ដោយមិនធ្វើឲ្យកងទ័ពអាមេរិកមានគ្រោះថ្នាក់»៕