
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim (អាន់វ៉ា អ៊ីប្រាហ៊ីម) បានសម្តែងការខកចិត្ត ចំពោះករណីចោទប្រកាន់ចុងក្រោយនៃការរំលោភបំពានអំណាច និងអំពើពុករលួយ ដែលត្រូវបានរកឃើញនៅក្នុងចំណោមបុគ្គលិកគយនៅអាកាសយានដ្ឋានអន្តរជាតិគួឡាឡាំពួ ដែលត្រូវបានគេនិយាយថា ត្រូវបានផ្សារភ្ជាប់ទៅនឹងការខាតបង់ប្រហែល ២ពាន់លានរីងហ្គីត (៥៧១លានដុល្លារ) សម្រាប់រដ្ឋាភិបាល។
លោកនាយករដ្ឋមន្ត្រី ដែលមានឈ្មោះជាភាសាម៉ាឡេស៊ីថា Datuk Seri Anwar បានប្រាប់ថា ទោះបីជាករណីនេះពាក់ព័ន្ធនឹងផ្នែកតូចមួយនៃនាយកដ្ឋានគយទាំងមូលក៏ដោយ ប៉ុន្តែការខាតបង់ថវិកានេះ មានចំនួនច្រើនណាស់។ លោក Anwar ថ្លែងក្នុងកិច្ចប្រជុំប្រចាំខែរបស់នាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទ (ទី១ ខែមេសា) នេះថា៖ «យើងកំពុងធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើទៅបាន ដើម្បីកាត់បន្ថយអំពើពុករលួយ និងការរំលោភអំណាច។ ថ្វីត្បិតតែយើងសម្រេចបានជាច្រើនដងក៏ដោយ ក៏នៅតែមានករណីដែលធ្វើឲ្យប៉ះពាល់ និងធ្វើឲ្យខ្ញុំព្រួយបារម្ភ ដូចជាករណីដែលពាក់ព័ន្ធនឹងនាយកដ្ឋានគយនេះជាដើម»។
លោកបានលើកឡើងថា អំពើពុករលួយជាបញ្ហាធ្ងន់ធ្ងរ ហើយការខិតខំទាំងអស់ ត្រូវបានកំណត់គោលដៅទៅរកការបញ្ឈប់ការគំរាមកំហែង និងបញ្ចប់ការគេចពន្ធនានា។ លោកបានចង្អុលបង្ហាញថា៖ «អ្នកដែលប្រព្រឹត្តអំពើពុករលួយ គួរតែសម្លឹងមើលទៅលើចំនួននៃការខាតបង់ដែលទង្វើនេះបង្កឡើង។ ក្នុងករណីនេះ ចំនួនខាតបង់ គឺ ២ពាន់លានរីងហ្គីត។ ប្រសិនបើយើងធ្វើសកម្មភាពលើការបញ្ហាការគេចពន្ធទាំងនោះ រួមទាំងប្រេងម៉ាស៊ូត និងការរត់ពន្ធប្រេងចម្អិនអាហារផងដែរនោះ យើងអាចសន្សំបានរាប់ពាន់លានរីងហ្គីត»។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន គណៈកម្មាធិការប្រឆាំងអំពើពុករលួយម៉ាឡេស៊ី (MACC) បានចាប់ខ្លួនមន្ត្រីគយចំនួន ៣៤នាក់ដែលត្រូវបានចាត់តាំងចុះទៅត្រួតពិនិត្យក្រុមហ៊ុន KLIA Cargo ពាក់ព័ន្ធនឹងសកម្មភាពរត់ពន្ធ ដែលគេជឿថា បានធ្វើឲ្យប្រាក់ចំណូលរបស់ប្រទេសនេះធ្លាក់ចុះចំនួន ២ពាន់លានរីងហ្គីត ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ៕