
ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា កាលពីថ្ងៃអាទិត្យ (៣១មីនា) ដើម្បីប្រារព្ធទិវាអ្នកប្តូរភេទអន្តរជាតិដោយបើកចំហជាមួយនឹងការប្រមូលផ្តុំគ្នា នៅទីក្រុងម៉ិកស៊ិកទាមទារច្បាប់ការពារសិទ្ធិរបស់អ្នកប្តូរភេទ។
ក្រុមបាតុករ ដែលភាគច្រើនជាសមាជិកនៃសហគមន៍ LGBTQ (អ្នកស្រឡាញ់ភេទដូចគ្នា) បានដើរដង្ហែរក្បួនទៅកាន់វិថី Reforma Avenue របស់ទីក្រុង ពីអគារព្រឹទ្ធសភា ដើម្បីបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីការរើសអើង ដែលពួកគេជួបប្រទះដោយទូទៅ។
ការសម្លាប់សមាជិកយ៉ាងតិច ៤នាក់របស់សហគមន៍អ្នកប្តូរភេទ នៅប្រទេសម៉ិកស៊ិក ក្នុងរយៈពេល ២សប្តាហ៍ដំបូងនៃឆ្នាំ២០២៤ បានបង្កឲ្យមានការតវ៉ាទូទាំងប្រទេស ដើម្បីឲ្យរដ្ឋាភិបាលផ្តល់នូវការការពារកាន់តែប្រសើរឡើងបន្ថែមទៀត ចំពោះអ្នកប្តូរភេទ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ ចៅក្រមមិនប្រកាន់បក្សសម្ព័ន្ធដំបូងគេរបស់ម៉ិកស៊ិក និងជាសកម្មជន LGBTQ ដ៏លេចធ្លោ លោក Ociel Baena ត្រូវបានគេរកឃើញថា ស្លាប់នៅផ្ទះក្នុងរដ្ឋភាគកណ្ដាល Aguascalientes។ ករណីនេះនៅតែស្ថិតក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរ។
នៅប្រទេសម៉ិកស៊ិក ប្រជាជនប្តូរភេទ និងខ្ទើយ ឬមនុស្សដែលកំណត់អត្តសញ្ញាណភេទខុសពីភេទដែលមានពីកំណើត មានចំនួន ០,៩ភាគរយនៃចំនួនប្រជាជនដែលមានអាយុចាប់ពី ១៥ឆ្នាំ ឬលើសពីហ្នឹង។ នេះបើយោងតាមទិន្នន័យរបស់វិទ្យាស្ថានស្ថិតិ និងភូមិសាស្ត្រម៉ិកស៊ិក (INEGI) ពីឆ្នាំ២០២១៕