ប្រដាល់៖ កីឡាករប្រដាល់អង់គ្លេសម្ចាស់ខ្សែក្រវាត់ទំងន់ពិភពលោក ៣ស្ថាប័ន Anthony Joshua នឹងឡើងការពារខ្សែក្រវាត់ទាំង៣ របស់ខ្លួននៅខែកញ្ញាខាងមុខនេះជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk។ កីឡាករវ័យ ៣១ឆ្នាំ Anthony Joshua បច្ចុប្បន្នកំពុងគ្រប់គ្រងខ្សែក្រវាត់ IBF, WBA និង WBO ស្របពេលកីឡាករវ័យ ៣៤ឆ្នាំ Oleksandr Usyk មិនធ្លាប់វាយក្នុងប្រភេទទំងន់ដណ្តើមខ្សែក្រវាត់បែបនេះទេ។
Oleksandr Usyk ដែលធ្លាប់ជាម្ចាស់ខ្សែក្រវាត់ពិភពលោកទំងន់ស្រាល មានប្រវត្តិប្រកួត ១៨លើកឈ្នះទាំង ១៨លើក។ ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានរបស់ក្លិបបាល់ទាត់ Tottenham Hotspur ដែលបើកឱ្យទស្សនិកជនចូលទស្សនាត្រឹម ២ម៉ឺននាក់ដែលបានចាក់វ៉ាក់សាំង។ Joshua ត្រូវបានគេស្មើឱ្យឡើងប្រកួតបន្ទាប់ពីជំនួបទល់នឹង Tyson Fury មិនអាចទៅរួច ទោះបីជាមានការចរចាជាច្រើនខែរវាងភាគីទាំងពីរ និងមានការចោទប្រកាន់គ្នាទៅវិញទៅមក រហូតឈានដល់ការលុបចោលការប្រកួតដែលគ្រោងធ្វើនៅថ្ងៃទី១៤ ខែសីហាលើទឹកដីអារ៉ាប៊ីសាអ៊ូឌីត។ ជាមួយគ្នានោះដែរ Tyson Fury ក៏ត្រូវឡើងសង្វៀនដែរដោយនឹងត្រូវជួបជាមួយ Deontay Wilder តែត្រូវលើកពីថ្ងៃទី២៤ ខែកក្កដាទៅថ្ងៃទី៩ ខែតុលាវិញ៕
អត្ថបទ៖នាង សុភាវុធ