
ប្រភពបីដែលដឹងអំពីបញ្ហានេះ បាននិយាយថា ប្រទេសអ៊ីរ៉ង់ បានផ្តល់ព័ត៌មានដល់រុស្ស៊ីអំពីលទ្ធភាពនៃ «ប្រតិបត្តិការភេរវកម្ម» ដ៏ធំមួយនៅលើដីរបស់ខ្លួន មុនពេលវាយប្រហារសម្លាប់រង្គាលនៅសាលប្រគុំតន្ត្រីនៅជិតទីក្រុងមូស្គូ កាលពីខែមុន។
នៅក្នុងការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសរុស្ស៊ីក្នុងរយៈពេល ២០ឆ្នាំ ក្រុមខ្មាន់កាំភ្លើង បានបើកការបាញ់ប្រហារដោយអាវុធស្វ័យប្រវត្តិទៅកាន់អ្នកប្រគុំតន្ត្រីកាលពីថ្ងៃទី២២ ខែមីនា នៅសាលប្រគុំតន្ត្រី Crocus City Hall ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៤ នាក់ នៅក្នុងអំពើហិង្សាដែលអះអាងដោយក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម។
ប្រភពមួយ បានអះអាងថា៖«រយៈពេលប៉ុន្មានថ្ងៃមុនការវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ទីក្រុងតេអេរ៉ង់បានចែករំលែកព័ត៌មានជាមួយទីក្រុងមូស្គូអំពីការវាយប្រហារភេរវកម្មដ៏ធំមួយ ដែលអាចកើតមាន នៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានទទួលក្នុងអំឡុងពេលសួរចម្លើយអ្នកដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកដ៏សាហាវនៅក្នុងប្រទេសអ៊ីរ៉ង់»។
ក្រសួងចារកម្មរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយកាលពីខែមករាថា ខ្លួនបានចាប់ខ្លួនមនុស្ស ៣៥នាក់ដែលពាក់ព័ន្ធនឹងការវាយប្រហារពីរលើកកាលពីថ្ងៃទី៣ ខែមករា នៅទីក្រុង Kerman ភាគអាគ្នេយ៍ដែលបានសម្លាប់មនុស្សជិត ១០០នាក់។ កាលពីថ្ងៃទី១៩ ខែមករា ក្រសួងបាននិយាយថា ខ្លួនបានចាប់ខ្លួនមេបញ្ជាការម្នាក់នៃសាខា ISIS-Khorasan (ISIS-K) ដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។
ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះអ៊ីរ៉ង់ដែលជាការបង្ហូរឈាមបំផុត ចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ ១៩៧៩។ ប្រភពចារកម្មអាមេរិក បាននិយាយថា ISIS-K បានធ្វើការវាយប្រហារទាំងការវាយប្រហារថ្ងៃទី ៣ ខែមករា នៅប្រទេសអ៊ីរ៉ង់ និងការបាញ់ប្រហារ កាលពីថ្ងៃទី២២ ខែមីនា នៅទីក្រុងមូស្គូ។