
អ្នកសារព័ត៌មាន ៧នាក់ រួមទាំងអ្នកសារព័ត៌មានឯករាជ្យម្នាក់ដែលធ្វើការឲ្យសារព័ត៌មាន BBC បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទីធ្លានៃមន្ទីរពេទ្យមួយក្នុងទីក្រុងហ្កាហ្សា។
សារព័ត៌មាន BBC យល់ថា សមាជិក៤នាក់នៃក្រុមសកម្មប្រយុទ្ធជីហាដឥស្លាម (IJ) ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ។
យោធាអ៊ីស្រាអែល បានអះអាងថា ខ្លួនបានវាយប្រហារមជ្ឈមណ្ឌលបញ្ជាការរបស់ក្រុម IJ នៅក្នុងបរិវេណមន្ទីរពេទ្យ al-Aqsa ក្នុងទីក្រុង Deir al-Balah។
ក្រុមហាម៉ាស និងបុគ្គលិកពេទ្យ បានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែលថា ក្រុមសកម្មប្រយុទ្ធប្រើប្រាស់មន្ទីរពេទ្យជាមូលដ្ឋាន។
ក្រុមជីហាដឥស្លាមដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស មិនបានធ្វើអត្ថាធិប្បាយទេ។
មន្ទីរពេទ្យ Al-Aqsa គឺជាមន្ទីរពេទ្យចុងក្រោយដែលដំណើរការ នៅកណ្តាលតំបន់ហ្កាហ្សាស្ទ្រីប។
អ្នកសារព័ត៌មាន ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ដែលកំពុងជ្រកកោន ក្នុងតង់បណ្តោះអាសន្នក្នុងបរិវេណមន្ទីរពេទ្យនេះ។
អ្នកសារព័ត៌មានភាគច្រើនដែលបានបោះជំរំនៅក្នុងបរិវេណមន្ទីរពេទ្យ គឺមកពីហ្កាហ្សាភាគខាងជើង។ ពួកគេបន្តធ្វើការក្រោមលក្ខខណ្ឌដ៏លំបាកបំផុត ដោយមានអាហារតិចតួច ទឹក ឬអគ្គិសនី និងការគំរាមកំហែងដែលមិនធ្លាប់មានពីការវាយប្រហាររបស់អ៊ីស្រាអែល។