
ប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសឥណ្ឌូនេស៊ីលោក Prabowo Subianto នឹងបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមេសា ជាកន្លែងដែលលោកគ្រោងនឹងជួបជាមួយនាយករដ្ឋមន្ត្រីលោក Fumio Kishida និងបណ្ដាមន្ត្រីដទៃទៀត។
ដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូរបស់លោក Prabowo នឹងកើតមានឡើងបន្ទាប់ពីការធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping នាថ្ងៃទី១ ខែមេសានេះ ពោលគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ប្រធានាធិបតីជាប់ឆ្នោត ដែលមានរយៈពេលមិនដល់ ២ខែផងក្រោយឈ្នះការប្រកួតប្រជែងស្នងតំណែងមេដឹកនាំលោក Joko Widodo ដែលកំពុងកាន់តំណែង។
បើតាមនាយខុទ្ទកាល័យជប៉ុន លោក Yoshimasa Hayashi បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃចន្ទ (ទី១ ខែមេសា) នេះថា ជប៉ុន និងឥណ្ឌូនេស៊ី គឺជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ ដែលចែករំលែកគោលការណ៍ និងគុណតម្លៃជាមូលដ្ឋាន ហើយសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់លោក Prabowo នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីយ៉ាងជិតស្និទ្ធលើវិស័យជាច្រើន។
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន Jiji របស់ប្រទេសជប៉ុន បានរាយការណ៍ថា លោក Prabowo ដែលជាអតីតមេបញ្ជាការកងកម្លាំងពិសេស និងជារដ្ឋមន្ត្រីការពារជាតិបច្ចុប្បន្ន ក៏មានគម្រោងជួបជាមួយរដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Minoru Kihara ផងដែរ៕