ឥណ្ឌូនេស៊ី៖ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Joko Widodo បាននិយាយកាលពីថ្ងៃអង្គារថា ករណីឆ្លងជំងឺ COVID-19 របស់ប្រទេសនេះបានធ្លាក់ចុះ ហើយប្រសិនបើការធ្លាក់ចុះនៅតែបន្ត ការរឹតត្បិតនាពេលបច្ចុប្បន្ននឹងត្រូវដកចេញជាបណ្ដើរៗចាប់ពីថ្ងៃទី២៦ ខែកក្កដានេះ។

ប្រទេសឥណ្ឌូនេស៊ីបានអនុវត្តវិធានការរឹតត្បិត ទប់ស្កាត់ការឆ្លងរាលដាលជំងឺ COVID-19 កាលពីថ្ងៃទី៣ ខែកក្កដាសម្រាប់កោះជ្វា និងកោះបាលី ដែលរួមទាំងការបញ្ឈប់ការធ្វើដំណើរ និងការបិទផ្សារទំនើបជាដើម។ ចលនារបស់ប្រជាជនត្រូវបានកំណត់តាមផ្នែកជំនាញដែលពួកគេធ្វើការ ហើយមានតែនិយោជិកនៅក្នុងវិស័យសំខាន់ដូចជាថាមពល និងសុខភាពប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យត្រឡប់ទៅកន្លែងធ្វើការវិញ។ បន្ទាប់ពីវិធានការនានាត្រូវបានដាក់ឲ្យអនុវត្តអត្រានៃករណីឆ្លងជំងឺ COVID-19 និងតម្រូវការគ្រែពេទ្យបានធ្លាក់ចុះ។
ប្រធានាធិបតីដែលត្រូវបានគេស្គាល់ជាទូទៅថា លោក Jokowi បាននិយាយថា ទីផ្សារបែបប្រពៃណីដែលលក់របស់របរសំខាន់ៗប្រើប្រាស់ប្រចាំថ្ងៃ អាចដំណើរការបានរហូតដល់ម៉ោង ៨យប់ដែលមានសមត្ថភាពអតិបរមា ៥០% និងស្ថិតក្រោមវិធានសុខភាពតឹងរ៉ឹង ខណៈទីផ្សារប្រពៃណីផ្សេងទៀត អាចត្រូវបានអនុញ្ញាតឱ្យដំណើរការរហូតដល់ម៉ោង ៣រសៀល។ ប្រទេសឥណ្ឌូនេស៊ីមានករណីឆ្លង COVID-19 សរុបចំនួន ២,៩៥០,០៥៨នាក់បន្ទាប់ពីមានករណីឆ្លងថ្មីចំនួន ៣៨,៣២៥នាក់ និងស្លាប់ចំនួន ៧៦,២០០នាក់បន្ទាប់ពីមានមនុស្សស្លាប់ថ្មី ១,២៨០នាក់បន្ថែមទៀត៕
អត្ថបទ៖ សុខមាន