
គណបក្សរបស់លោក Imran Khan បានឲ្យដឹងថា តុលាការប៉ាគីស្ថាន នៅថ្ងៃចន្ទ (ទី១ ខែមេសា) នេះ បានយល់ព្រមឲ្យអតីតនាយករដ្ឋមន្ត្រីរូបនេះ ប្តឹងឧទ្ធរណ៍ចំពោះការផ្តន្ទាទោសលើរូបលោកពីបទប្រព្រឹត្តអំពើពុករលួយ និងព្យួរការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំ។
១សប្តាហ៍មុនការបោះឆ្នោត នាថ្ងៃទី៨ ខែកុម្ភៈ លោក Khan និងភរិយារបស់លោក គឺលោកស្រី Bushra Bibi ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៤ឆ្នាំពីបទចោទប្រកាន់ពីបទលក់អំណោយរដ្ឋដោយខុសច្បាប់។ ហើយលោក Khan នៅតែស្ថិតក្នុងពន្ធនាគារ មុនការបោះឆ្នោតជាតិ បន្ទាប់ពីទោសជាច្រើនផ្សេងទៀតបានដាក់លើអតីតតារាកីឡាករគ្រិកឃីតរូបនេះ ដែលក៏ត្រូវបានដកសិទ្ធិផងដែរពីការកាន់តំណែងសាធារណៈរយៈពេល ១០ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃចន្ទនេះ គណបក្សរបស់លោកបានឲ្យដឹងថា តុលាការជាន់ខ្ពស់ទីក្រុងអ៊ីស្លាម៉ាបាដ បាននិយាយថា សាលក្រមដាក់ទោសលើប្តីប្រពន្ធគូនេះ នឹងបន្តព្យួររហូតដល់មានការសម្រេចចុងក្រោយស្តីពីការផ្តន្ទាទោសដែលនឹងត្រូវលើកយកមកធ្វើទឡ្ហីករណ៍ និងភស្តុតាង ជាញត្តិសំខាន់ បន្ទាប់ពីពិធីបុណ្យ Eid។
គួរបញ្ជាក់ថា លោគ Khan និងគណបក្សរបស់លោក និយាយថា ករណីផ្លូវច្បាប់ប្រឆាំងនឹងរូបលោក គឺផ្អែកលើការចោទប្រកាន់ដែលបង្កើតឡើង ដើម្បីរារាំងមិនឲ្យរូបលោកចូលក្នុងឆាកនយោបាយតាមការបញ្ជាពីកងទ័ពដ៏មានឥទ្ធិពលរបស់ប្រទេស បន្ទាប់ពីលោកបានមានជម្លោះជាមួយក្រុមឧត្តមសេនីយ៍យោធា។ តែការចោទប្រកាន់នេះត្រូវបានកងទ័ពបដិសេធ៕