
ក្រុមហ៊ុនសារព័ត៌មានអនឡាញ Insider បានរាយការណ៍ថា ជំងឺដ៏អាថ៌កំបាំងឈ្មោះ «Havana Syndrome» (រោគសញ្ញាហាវ៉ាណា) ដែលបង្កបញ្ហាដល់មន្ត្រីការទូត និងចារកម្មអាមេរិក ជុំវិញពិភពលោកនោះ អាចត្រូវបានផ្សារភ្ជាប់ទៅនឹងអាវុធថាមពល ដែលប្រើប្រាស់ដោយសមាជិកនៃអង្គភាពវិច្ឆេទកម្មស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី។
ការស៊ើបអង្កេតការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលលទ្ធផលត្រូវបានចេញផ្សាយ នៅឆ្នាំ២០២៣ បានរកឃើញថា វាគឺ «មិនទំនងទាល់តែសោះ» ដែលសត្រូវបរទេសត្រូវទទួលខុសត្រូវ ចំពោះជំងឺនេះ ដែលមានការរាយការណ៍ករណីដំបូងដោយមន្ត្រីស្ថានទូតសហរដ្ឋអាមេរិក នៅរដ្ឋធានី Havana ក្នុងប្រទេសគុយបា កាលពីឆ្នាំ២០១៦។
ប៉ុន្តែ Insider ដែលជាក្រុមបណ្ដាញសារព័ត៌មានស៊ើបអង្កេតផ្តោតលើរុស្ស៊ីមានមូលដ្ឋាននៅទីក្រុង Riga ប្រទេសឡាត់វី បានរាយការណ៍ថា សមាជិកនៃអង្គភាពស៊ើបការណ៍យោធារុស្ស៊ី (GRU) ដែលគេស្គាល់ថាជា 29155 ត្រូវបានដាក់នៅកន្លែងកើតហេតុ ដែលមានសេចក្ដីរាយការណ៍ពីឧប្បត្តិហេតុសុខភាពពាក់ព័ន្ធនឹងបុគ្គលិកអាមេរិក។
ការស៊ើបអង្កេតរយៈពេល ១ឆ្នាំរបស់ Insider ដោយសហការជាមួយសារព័ត៌មាន 60 Minutes និងសារព័ត៌មាន Der Spiegel របស់ប្រទេសអាល្លឺម៉ង់ ក៏បានរាយការណ៍ផងដែរថា សមាជិកជាន់ខ្ពស់នៃអង្គភាព 29155 បានទទួលពានរង្វាន់ និងការតម្លើងឋានៈ សម្រាប់ការងារដែលទាក់ទងនឹងការអភិវឌ្ឍ «អាវុធសូរសំឡេងដែលមិនបណ្ដាលឲ្យស្លាប់»។ តែប្រទេសរុស្ស៊ីធ្លាប់បានបដិសេធការជាប់ពាក់ព័ន្ធណាមួយ ចំពោះជំងឺនេះ។
គួរបញ្ជាក់ថា រោគសញ្ញារបស់ជំងឺនេះ រួមមានការឈឺក្បាលប្រកាំង ក្អួតចង្អោរ ខ្សោយការចងចាំ និងវិលមុខ៕