
ក្រសួងសង្គ្រោះបន្ទាន់របស់រុស្ស៊ីបានឲ្យដឹងថា នៅថ្ងៃចន្ទ (ទី១ ខែមេសា) នេះ អ្នកពន្លត់អគ្គិភ័យរុស្ស៊ី បានគ្រប់គ្រងអណ្ដាតភ្លើងដែលឆាបឆេះរោងចក្រ Uralmash ដែលជាសហគ្រាសឧស្សាហកម្មធុនធ្ងន់ដ៏ធំមួយ នៅក្នុងទីក្រុង Yekaterinburg នៃប្រទេសរុស្ស៊ី។
ក្រសួងបានឲ្យដឹងថា អាគារទំហំ ៤០០០ម៉ែត្រការ៉េ ដែលត្រូវភ្លើងឆេះនោះមិនមែនជារបស់រោងចក្រទេ បើទោះបីជាអគារនោះស្ថិតនៅលើដីរបស់រៀងចក្រក៏ដោយ។ មនុស្ស ១៥នាក់ បានជម្លៀសចេញពីកន្លែងនោះ ដោយមិនមានអ្នកស្លាប់ និងរបួសនោះឡើយ។
គួរបញ្ជាក់ថា រោងចក្រ Uralmash ផលិតឧបករណ៍ដើម្បីយកទៅប្រើប្រាស់ជីកយករ៉ែ ការងារដែក ឧស្សាហកម្មស៊ីម៉ង់ត៍ និងកន្លែងថាមពល ក្នុងនោះរួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរផងដែរ។ សារព័ត៌មាន Reuters អាចបញ្ជាក់ទីតាំងនេះបានដោយបំពង់ផ្សែង អគារ និងប្លង់ផ្លូវដែលត្រូវនឹងរូបភាពផ្កាយរណបនៃតំបន់នោះ៕