
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃចន្ទ (ទី១ ខែមេសា) នេះ បានរាយការណ៍ថា ប្រទេសចិនចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសឥណ្ឌូនេស៊ីតាមទស្សនៈយុទ្ធសាស្ត្រ និងរយៈពេលវែង ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើឲ្យស៊ីជម្រៅ ចំពោះកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះ។
ក្នុងដំណើរទស្សនកិច្ចរបស់លោក Prabowo Subianto ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូនេស៊ីរូបនេះថា ប្រទេសចិនមានឆន្ទៈរក្សាទំនាក់ទំនងជិតស្និទ្ធ ជំរុញគម្រោងច្រករបៀងសេដ្ឋកិច្ចរួមបញ្ចូលគ្នាក្នុងតំបន់របស់ប្រទេសទាំង២ ឆ្ពោះទៅមុខ និងបន្តធ្វើឲ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការដែនសមុទ្រ។
សូមបញ្ជាក់ថា ប្រទេសចិនក្លាយជាប្រទេសបរទេសដំបូងគេដែលលោក Prabowo បានមកធ្វើទស្សនកិច្ចក្នុងនាមជាប្រធានាធិបតីជាប់ឆ្នោត ដោយគូសបញ្ជាក់អំពីភាពជាដៃគូជិតស្និទ្ធដែលបានបង្កើតឡើងក្នុងទសវត្សរ៍កន្លងមកក្រោមការដឹកនាំរបស់លោក Joko Widodo៕