
ក្រុមអ្នកសង្កេតការណ៍អឺរ៉ុបមួយក្រុម នៅថ្ងៃចន្ទ (ទី១ ខែមេសា) នេះ បាននិយាយថា ការបោះឆ្នោតមូលដ្ឋានរបស់ប្រទេសទួរគីមានភាពស្ងប់ស្ងាត់ ប៉ុន្តែមានតែផ្នែកខ្លះប៉ុណ្ណោះ ដែលអំណោយផលដល់លទ្ធិប្រជាធិបតេយ្យ នៅមូលដ្ឋាន។
គួរបញ្ជាក់ថា គណបក្សប្រឆាំងទួរគីបានទទួលជ័យជម្នះយ៉ាងលើសលប់លើគណបក្ស AK (AKP) របស់ប្រធានាធិបតីលោក Tayyip Erdogan នៅក្នុងការបោះឆ្នោតមូលដ្ឋាន ខណៈដែលអំពើហិង្សាបានផ្ទុះឡើងនៅក្នុងករណីមួយចំនួន ជាពិសេសនៅភាគខាងកើតប្រទេសទួរគី។
បេសកកម្មសង្កេតការណ៍ ដែលរួមមានអ្នកសង្កេតការណ៍ ២៦នាក់មកពី ១៦ប្រទេស នៅអឺរ៉ុប បានសង្កេតមើលនីតិវិធីបោះឆ្នោតនៅក្នុងការិយាល័យបោះឆ្នោតជាង ១៤០ការិយាល័យ ក្នុងនោះរួមទាំងនៅទីក្រុងធំៗជាងគេបំផុត គឹទីក្រុងអ៊ីស្តង់ប៊ុល និងអង់ការ៉ាផងដែរ។
នៅឯសន្និសីទសារព័ត៌មានមួយក្នុងទីក្រុងអង់ការ៉ា អនុប្រធានគណៈប្រតិភូលោក Vladimir Prebilic បាននិយាយថា ការព្រួយបារម្ភជាយូរមករបស់ក្រុមប្រឹក្សាអឺរ៉ុប ចំពោះការអនុវត្តការបោះឆ្នោតរបស់ប្រទេសទួរគី នៅតែមិនទាន់ត្រូវបានដោះស្រាយដដែល។
លោក Prebilic បាននិយាយថា ពួកគេបានទទួលព័ត៌មានអំពីមន្ត្រីសាធារណៈដែលត្រូវបានផ្ទេរទៅមូលដ្ឋានមួយចំនួន ដើម្បីជួយបង្កើនដល់លទ្ធភាពរបស់បេក្ខជនដែលត្រូវបានជ្រើសរើស ជាពិសេសនៅភាគអាគ្នេយ៍នៃប្រទេសទួរគី។ លោកបានប្រាប់បន្តថា ក្រុមអ្នកសង្កេតការណ៍មិនទទួលបានចម្លើយច្បាស់លាស់ពីក្រុមប្រឹក្សាបោះឆ្នោតជាន់ខ្ពស់របស់ទួរគីនៅក្នុងករណីដែលមនុស្សជាង ១០០នាក់ ត្រូវបានចុះឈ្មោះនៅក្នុងផ្ទះមួយ ដោយបន្ថែមថា ពួកគេមិនមានព័ត៌មានច្បាស់លាស់នោះឡើយថា តើឧប្បត្តិហេតុទាំងនោះមានឥទ្ធិពលដល់លទ្ធផលកម្រិតណា៕