ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និយាយកាលពីថ្ងៃចន្ទទី១មេសាថា មន្ត្រី៧នាក់បានស្លាប់ ក្នុងការវាយប្រហារតាមអាកាសដ៏ព្រៃផ្សៃរបស់អ៊ីស្រាអែល លើអគារស្ថានកុងស៊ុលរបស់អ៊ីរ៉ង់នៅក្នុងរដ្ឋធានីដាម៉ាស (Damascus) ប្រទេសស៊ីរី។

លោកឧត្តមសេនីយ៍ទោ មហាម៉ាត់ រ៉េហ្សា ហ្សាហេឌី (Reza Zahedi) មេបញ្ជាការជាន់ខ្ពស់មួយរូបនៃកងកម្លាំងសម្រាំង ឃូដស៍ (Quds Force) របស់អ៊ីរ៉ង់ និងមេបញ្ជាការរងរបស់លោកគឺ លោកឧត្តមសេនីយ៍ទោ មហាម៉ាត់ ហាជី រ៉ាហ៊ីមី (Mohammad Hadi Haji-Rahimi) ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង៧នាក់នោះ នៅពេលយន្តហោះ F-35s របសអ៊ីស្រាអែល វាយប្រហារលើអគារនោះដោយរ៉ូកែតចំនួន៦គ្រាប់។

អ៊ីរ៉ង់ និងស៊ីរី បានថ្កោលទោសការវាយប្រហារនេះ ដែលបានបំផ្លិចបំផ្លាញអគារមួយជិតច្រកចូលទៅកាន់ស្ថានទូតរបស់អ៊ីរ៉ង់។
យោធាអ៊ីស្រាអែល និយាយថា ខ្លួនពុំបានផ្ដល់ការអត្ថាធិប្បាយណាមួយដល់សារព័ត៌មានបរទេសនៅឡើយទេ។
ប៉ុន្តែប្រទេសនេះ បានទទួលស្គាល់ការវាយប្រហារតាមអាកាសរាប់រយលើកក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះលើគោលដៅជាច្រើននៅក្នុងប្រទេសស៊ីរី ដែលខ្លួននិយាយថា ទាក់ទងទៅនឹងអ៊ីរ៉ង់ និងក្រុមប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់ ដែលត្រូវបានផ្គត់ផ្គង់អាវុធ មូលនិធិ និងការបណ្ដុះបណ្ដាលដោយឆ្មាំបដិវត្តន៍នេះ ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ការវាយប្រហារកាលពីថ្ងៃចន្ទ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាអន្តរជាតិ ដែលការពារបេសកកម្មការទូត ។ លោកបានប្ដេជ្ញា ថាអ៊ីរ៉ង់ នឹងចាត់វិធានការចាំបាច់ប្រឆាំងនឹងការវាយប្រហារនេះ ៕