យោធាប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី ២ ខែមេសានេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក ចេញពីឆ្នេរសមុទ្រភាគខាងកើត។

ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន បាននិយាយថា មីស៊ីលជាក់ស្តែងបានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ។
ក្នុងពេលមានការព្រួយបារម្ភ ថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កំពុងបង្កើតទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗនៅអាស៊ីរបស់ខ្លួន មានប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន កំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំជំនួបកំពូលរវាងប្រធានាធិបតី លោក Joe Biden និងសមភាគីជប៉ុន និងកូរ៉េខាងត្បូង នៅខែកក្កដា នៅក្រៅកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។
ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៊ីលបាលីស្ទីក ដែលត្រូវបានបាញ់ដោយប្រទេសកូរ៉េខាងជើង ទំនងជា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន។