មនុស្ស ៥ នាក់ត្រូវបានគេរកឃើញថាបានស្លាប់កាលពីថ្ងៃចន្ទ (០១ មេសា) នៅក្នុងរដ្ឋធានីព័រអូប្រាំង របស់ប្រទេសហៃទី បន្ទាប់ពីមានសេចក្តីរាយការណ៍ពីការបាញ់កាំភ្លើងយ៉ាងខ្លាំងក្លានៅតាមដងផ្លូវចូលទៅជិតវិមានជាតិ ខណៈដែលភាពភ័យស្លន់ស្លោបានកើតឡើងនៅជុំវិញទីប្រជុំជននេះ។

សាកសពមនុស្ស ៤ នាក់ដែលត្រូវរបួសគ្រាប់កាំភ្លើងរួមមានបុរស ៣ នាក់ និងស្ត្រីម្នាក់ ដេកស្ដូកស្ដឹងនៅលើដីក្នុងជាយក្រុងនៃតំបន់ ប៉េត្យុង វីល (Petion-Ville) ដ៏តានតឹងរបស់រដ្ឋធានីនេះ ដែលក្រុមជនអន្ធពាលបានគំរាមកំហែង។ យ៉ាងហោចណាស់មនុស្សម្នាក់ផ្សេងទៀតត្រូវបានបាញ់សម្លាប់ ស្របពេលមានការប្រយុទ្ធគ្នានៅក្នុងសង្កាត់ ឌែលម៉ាស (Delmas) នៃរដ្ឋធានីនេះ។

គេបានមើលឃើញជនស៊ីវិលប្រញាប់ប្រញាល់រត់គេចពីការបាញ់កាំភ្លើងនៅក្នុងរដ្ឋធានី ជាទីដែលក្រុមជនអន្ធពាលគូប្រជែងកំពុងប្រយុទ្ធគ្នាដើម្បីគ្រប់គ្រងទឹកដី ខណៈដែលរដ្ឋនៅតែអវត្តមានយ៉ាងទូលំទូលាយ រយៈពេលបីសប្តាហ៍បន្ទាប់ពីនាយករដ្ឋមន្ត្រី អារីយែល ហុងរី (Ariel Henry) បានប្រកាសលាលែងពីតំណែងដោយមិនមានអ្នកស្នង។
ប្រទេសហៃទី បានកំពុងប្រឈមមុខនឹងជម្លោះកាន់តែអាក្រក់ជាមួយនឹងសម្ព័ន្ធក្រុមជនអន្ធពាលដែលកំពុងប្រជែងគ្នាដើម្បីគ្រប់គ្រងផ្នែកខ្លះនៃរដ្ឋធានី និងការវាយប្រហារលើអាកាសយានដ្ឋាន ព្រមទាំងកំពង់ផែសំខាន់ៗរបស់ប្រទេស ដែលបង្កឱ្យមានវិបត្តិមនុស្សធម៌៕