ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរដ្ឋបាលខេត្តកំពង់ស្ពឺ គឺមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយស.ស.យ.ក ខេត្ត និងសមាគមរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ នឹងប្រារព្ធពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៧ ខែមេសា ឆ្នាំ២០២៤ វេលា ម៉ោង ៨:០០ នាទីព្រឹក ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

លោក ស៊ុន មានជ័យ ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នេះថា ពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ ធ្វើឡើងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទ សង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ។ ក្នុងឆ្នាំនេះ យើងមានគោ ចំនួន៤៦នឹម ក្នុងនោះគោធំចំនួន១៩នឹម និងគោតូច ចំនួន២៧នឹម មកពីខេត្តកំពង់ស្ពឺ២៤នឹម ខេត្តកណ្តាល ១៦នឹម ខេត្តកំពង់ចាម ២នឹម និងរាជធានីភ្នំពេញ ៤នឹម ដែលមកចូលរួមក្នុងការប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤ខាងមុខនេះ។ ហើយការប្រណាំងនេះ ក៏ជាលើកទី១០ ដែលមនី្ទរវប្បធម៌ បានសហការជាមួយសមាគមគោរទេះសាឡីគោលឿនខេត្តកំពង់ស្ពឺ។

ក្នុងនាមមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ សង្ឃឹមយ៉ាងមុតមាំថា នឹងមានបងប្អូនចូលរួមទស្សនាពិធីប្រណាំងរទេះសាឡីគោលឿន ឆ្នាំ២០២៤នេះ ឱ្យបានច្រើនកុះករ។
សូមបញ្ជាក់ថា បើតាមការសិក្សាអំពីប្រវត្តិនៃពិធីនេះគឺ ដើមឡើយរទេះសាឡីគោ ប្រើប្រាស់សម្រាប់តែដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍ និងដឹកជញ្ជូនលោកយាយ លោកតា ចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីបុណ្យប្រពៃណី និងពិធីបុណ្យផ្សេងៗទៀតប៉ុណ្ណោះ លុះក្រោយៗមកទៀត អ្នកភូមិក៏បានផ្តួចផ្តើម គំនិត បង្កើតពិធីប្រណាំងរទេះសាឡីគោនេះនៅតាមភូមិ នៅតាមសហគមន៍ រហូតនៅតាមទីប្រជុំជន ដើម្បីអបអរមុន ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនឹងឈានចូលមកដល់៕ អត្ថបទ រដ្ឋា
